អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនត្រូវការថវិកាចំនួន ១៨ ពាន់លានដុល្លារដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍវ៉ាក់សាំង និងចែកចាយវ៉ាក់សាំងការពារមេរោគ Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រធានអ្នកវិទ្យាសាស្រ្តរបស់អង្គការ WHO លោកស្រី Soumya Swaminathan បានអំពាវនាវដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃសុក្រ។
ជាមួយគ្នានេះលោកបានលើកឡើងថា បច្ចុប្បន្ននេះមានវ៉ាក់សាំង ២០០ ប្រភេទកំពុងធ្វើការស្រាវជ្រាវ ហើយមានវ៉ាក់សាំងចំនួន ១៥ ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលព្យាបាល។ លោកស្រីបានបន្តថា វាអាចចំណាយពេលពី១២ ទៅ ១៨ខែ ដើម្បីអភិវឌ្ឍដែលត្រៀមរួចជាស្រេចសម្រាប់ការប្រើប្រាស់ ហើយនឹងអាចធ្វើទៅបានលុះត្រាតែមានការសហការពីអ្នកវិទ្យាសាស្ត្រនិងក្រុមហ៊ុនឱសថនៅជុំវិញពិភពលោក។

ទន្ទឹមនឹងនេះដែរលោកស្រីបានបន្ថែមថា ទឹកប្រាក់ចំនួន ១៨.១ ពាន់លានដុល្លារត្រូវការនៅចុងឆ្នាំក្រោយ ដោយថវិកាចំនួន ១១.៣ ពាន់លានដុល្លារក្នុងចំណោមនោះនឹងត្រូវប្រើប្រាស់ក្នុងរយៈពេល ១៦ខែបន្ទាប់។ បន្ថែមពីនេះទៅទៀតអង្គការសុខភាពពិភពលោកនឹងអាចចែកចាយថ្នាំចំនួន ២ ពាន់លានដូសនៅជុំវិញពិភពលោកដោយស្មើភាពរួមទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖nhk


