អាកាសយាន្ដដ្ឋានហុងកុងខ្ចីប្រាក់ ៤ ពាន់លានដុល្លាពី ២១ ធនាគារដើម្បីស្ដារវិស័យអាកាសចរណ៍ឡើងវិញ
សេដ្ឋកិច្ច June 26, 2020 Chan Sreyny

អាជ្ញាធរអាកាសយាន្ដដ្ឋានហុងកុង (AAHK) បាននិយាយកាលពីថ្ងៃអង្គារ ថាខ្លួនបានទទួលប្រាក់កម្ចីរចំនួន ៣៥ ពាន់លានដុល្លាហុងកុង ( ៤ ពាន់លានដុល្លាអាមេរិក ) រយៈពេល ៥ ឆ្នាំ ពីធនាគារចំនួន ២១ ទាំងក្នុងស្រុក និងក្រៅស្រុក។ ទឹកប្រាក់ទាំងអស់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការចំណាយរបស់ក្រុមហ៊ុន AAHK រួមទាំងប្រព័ន្ធ Three-runway និងការសហការណ៍របស់ក្រុមហ៊ុនផងដែរ។

ចំនួនអ្នកដំណើរនៅអាកាសយាន្ដដ្ឋានអន្តរជាតិហុងកុងបានធ្លាក់ចុះ ៩៩.៤% ក្នុងខែឧសភា បើធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលចំនួនជើងហោះហើរបានធ្លាក់ចុះដល់ ៦៨.៧% ។ ប៉ុន្តែ ក៏មានការកើនឡើងនៃទំនិញនៅកំឡុងពេលមានជំងឺរាតត្បាតផងដែរ ដែលបានជម្រុញឱ្យមានជើងហោះហើរក្នុងការដឹកទំនិញកើនឡើង ២៩.៣% បើធៀបនឹងឆ្នាំមុន ។

គួររំផងដែរថា វិស័យអាកាសចរណ៍របស់ហុងកុងបានទទួលរងនូវការខាតបង់រួចទៅហើយកាលពីឆ្នាំមុន នៅពេលដែលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុង ដែលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost