ឧស្សាហកម្មអាកាសចរណ៍កំពុងរៀបចំសម្រាប់ការកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាស ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ( IATA ) បានព្យាករណ៍ថានឹងមានអ្នកដំណើរចំនួន ៨.២ ពាន់លាននាក់នៅឆ្នាំ ២០៣៧។ ប៉ុន្តែនៅក្នុងខែមេសា ការធ្វើដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះរហូតដល់ ៩៨% បើធៀបទៅនឹងឆ្នាំមុនដោយសារតែប្រទេសនានាបានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។
លោក Brian Pearce ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន IATA បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា « យើងគិតថាក្រុមហ៊ុនអាកាសចរណ៍ប្រហែលនឹងខាតបង់ទឹកប្រាក់ចំនួន ៨៤ ពាន់លានដុល្លារដែលមិនធ្លាប់មាន នៅក្នុងឆ្នាំ ២០២០ នេះ » ។ លោកបន្តថា « យើងទើបតែទើបតែឃើញមាន ប្រទេសមួយចំនួនកំពុងធ្វើកិច្ចចរចាបើកច្រកចេញចូលទេសចរណ៍ឡើងវិញ ឧទាហរណ៍ដូចជា ច្បាប់នៅព្រំដែនដែលអនុញ្ញាតឱ្យភ្ញៀវទេសចរចេញចូលរវាងប្រទេសទាំងពីរដោយមិនចាំបាច់ធ្វើចតាឡីស័ក ( Trans-Tasman bubble ) ដូចជា៖ រវាងប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ចិន និងសិង្ហបុរី ចិន និងកូរ៉េ » ។

យ៉ាងណាមិញ ទីភ្នាក់ងារទេសចរណ៍ក៏បានផ្តល់យុទ្ធសាស្ត្របង្ហាញផ្លូវសម្រាប់ធ្វើការស្តារឧស្សាហកម្មអាកាសចរណ៍ឡើងវិញដោយក្នុងនោះរួមមាន៖ ជំរុញការធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុក យុទ្ធសាស្ត្រជំនួយរបស់រដ្ឋាភិបាលក្នុងការសង្គ្រោះក្រុមហ៊ុនទេសចរណ៍ និង សិក្សាចំពោះផលប៉ះពាល់លើភ្ញៀវដែលមកកំសាន្ត និងធ្វើអាជីវកម្ម៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc


