គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅសម្រេចបានជាង ៤០%ហើយ ដោយគ្រោងស្ថាបនាឲ្យហើយនៅចុងឆ្នាំ២០២១
សេដ្ឋកិច្ច June 25, 2020 Chan Sreyny

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោង​ស្ថាបនាស្ពាន​អកាស​និងផ្លូវក្រោម​ដីត្រង់រង្វង់មូលចោមចៅសម្រេចបានជាង ៤០% ហើយ ដោយគ្រោងស្ថាបនាឲ្យហើយនៅចុងឆ្នាំ២០២១ ដែលជួយសម្រាលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នេះបើយោងតាមតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ។

ទន្ទឹមនឹងនេះដែរយោងតាមការធ្វើបទសម្ភាសន៍ជាមួយនឹងវិទ្យុជាតិកម្ពុជា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអៈអាងថា មកដល់ពេលនេះសំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅផ្នែកផ្លូវក្រោមដីនឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។

ជាក់ស្ដែងបើតាមប្រភពដដែលបន្តថា ផ្នែកក្រោមដីបានសាងសង់ស្ទើរតែរួចរាល់ហើយដូចជាអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងនៅត្រង់ចំណុចគម្រោង ខណៈបច្ចុប្បន្នក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាគម្រោងនេះឲ្យហើយតាមផែនការ។ បន្ថែមពីនេះលោកបានបញ្ជាក់ថាបើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឲ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឲ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ។

គួរឲ្យដឹងផងដែរថាផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ មានទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លង សម្រាប់រថយន្ត និងមួយគន្លងទោចក្រយានយន្ត ចំណែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ មានទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ជាមួយគ្នានេះ គម្រោងនេះនឹងមានស្ពានអាកាសចំនួន ៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។

ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។ ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សូមបញ្ជាក់ថា សំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគម្រោងចំណាយថវិកាប្រមាណ២២លានដុល្លាអាមេរិក ដែលអនុវត្តដោយក្រុមហ៊ុនម៉ៅការ OCIC របស់លោកឧកញ៉ា ពង់ ឃែវសែ៕

ប្រភព៖ ក្រសួងព័ត៌មាន​