ជនបរទេសចំនួន ៥ ម៉ឺននាក់ត្រៀមនឹងចូលក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីការបើកព្រំដែនឡើងវិញ
សេដ្ឋកិច្ច June 25, 2020 Chan Sreyny

យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃបានអនុញ្ញាតឱ្យ អ្នកជំនួញ កម្មករជំនាញ អ្នកជំនាញ ក្រុមគ្រួសាររបស់ប្រជាជនថៃ គ្រូបង្រៀន សិស្ស និស្សិត និងអ្នកជំងឺ ជាក្រុមជនបរទេសដំបូងដែលអាចចូលក្នុងប្រទេសរបស់ខ្លួនបាន ដោយអ្នកទាំងអស់នោះបានយល់ព្រមក្នុងការដាក់ឱ្យដាច់ដោយឡែក។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធបានពន្យល់អំពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យជនជាតិបរទេសចូលមកប្រទេសវិញថា ជនបរទេសភាគច្រើននឹងតម្រូវឱ្យទទួលយកការដាក់ឱ្យនៅដាច់ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគេ។ អ្នកនាំពាក្យរូបនេះបាននិយាយថាជនបរទេសប្រហែលជា ៥ ម៉ឺននាក់ទំនងជានឹងមកទស្សនាប្រទេសនេះក្រោមច្បាប់ថ្មី។

បន្ថែមពីនេះទៅទៀត មនុស្សប្រមាណ ៣ ម៉ឺននាក់ដែលរំពឹងថានឹងមកដល់សម្រាប់វិស័យវេជ្ជសាស្រ្ត និងសុខភាព។ ចំណែកឯអ្នកផ្សេងទៀតដូចជា កម្មករ អ្នកជំនាញចំនួនប្រហែល ១៥.៤០០ នាក់ គ្រូ បុគ្គលិកអប់រំ និងនិស្សិតចំនួន ២០០០ នាក់ ជនបរទេសដែលមានគ្រួសារថៃ ឬមានទីលំនៅក្នុងប្រទេសថៃចំនួន ២០០០ នាក់ និងអ្នកជំនួញ វិនិយោគិនចំនួន ៧០០ នាក់។ ក្រុមជនបរទេសទាំងនេះបានចុះឈ្មោះរួចហើយសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែក។ ពួកគេនឹងត្រូវបានធ្វើតេស្តសម្រាប់ Covid-19 ទាំងមុន និងពេលមកដល់ដែលមានការធានារ៉ាប់រងសុខភាព និងត្រូវបានត្រួតពិនិត្យដោយបុគ្គលិកពេទ្យ។

លោកបណ្ឌិត Taweesilp បាននិយាយថាសេចក្តីព្រាងវិធានការណ៍នេះនឹងត្រូវបញ្ជូនទៅ CCSA សម្រាប់ធ្វើការពិចារណានៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost