រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ ដើម្បីជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍
សេដ្ឋកិច្ច June 24, 2020 Chan Sreyny

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍បានប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ សំដៅជួយដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងដូច្នេះក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិតបានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។ បន្ថែមពីនេះទៅទៀតឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ។ ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ អាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

ឯកឧត្ដមបន្តថា «គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះនៅខេត្តសៀមរាបក៏មានដើមកោងកាងបានដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អដែលនេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំន់បន់សៀមរាបអង្គរនេះ»។

យ៉ាងណាមិញឯកឧត្ដមបណ្ឌិត ក៏បានលើកឡើងពីបញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍នេះ ដោយមានការលំបាកខ្លាំងទៅលើបញ្ហាផ្លូវចូលទៅសហគមន៍ សេវាទូរស័ព្ទ អុិនធើណែត អគ្គិសនីប្រើប្រាស់ រួមទាំងបញ្ហាសំរាមជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯកឧត្តមនឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ ដោយសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង ៣គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។

សូមជម្រាបផងដែរថា ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕

អត្ថបទ៖ លីនី​
ប្រភព៖ ក្រសួងទេសចរណ៍