សហរដ្ឋអាមេរិកបានផ្ដល់ថវិកាចំនួន ២.៥ លានដុល្លារបន្ថែមទៀតដល់ប្រទេសឡាវ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស Covid-19 របស់ប្រទេសនេះ។ នេះ បើយោងតាមចុះផ្សាយរបសកាសែត Vientiane Times កាលពីថ្ងៃទី២៣ ខែមិថុនា។
បើតាមប្រភពដបានដកស្រង់សំដីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឡាវលោក Peter M. Haymond ថា ថវិកាបន្ថែមពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្រោមភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងឡាវ។ ដោយជំនួយនេះនឹងជួយដល់កិច្ចការនានា ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ជាមួយគ្នានេះដែរតាមរយៈថវិកាចុងក្រោយនេះទីភ្នាក់ងារ USAID ក៏នឹងជួយដល់មន្ទីរពិសោធន៍ឡាវផងដែរ ក្នុងការធ្វើរោគវិនិច្ឆ័យ និងតាមដានមើលវីរុស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៧.៥ លានដុល្លារអាមេរិកដើម្បីជួយប្រទេសឡាវក្នុងការឆ្លើយតបនឹងការរាតត្បាតនៃវីរុស COVID-19។ ជាមួយគ្នានេះកាលពីខែកុម្ភៈ កន្លងទៅនេះទីភ្នាក់ងារ USAID បានផ្តល់ឧបករណ៍វេជ្ជសាស្រ្តដើម្បីជួយដល់បុគ្គលិកសុខាភិបាលជួរមុខរបស់ប្រទេសឡាវផងដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


