យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានៅខែកក្កដាខាងមុខនេះ។ លោករដ្ឋមន្រ្តីបានបង្ហើបឲ្យដឹងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំសេដ្ឋកិច្ច ដែលត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីវិធានការណ៍ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េឈ្នះការបញ្ជាទិញនៅបរទេស និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពរស់រវើកឡើងវិញ។
នាឱកាសនោះលោក Hong Nam-ki បានមានប្រសាសន៍ថា៖ « ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុពលពាណិជ្ជកម្មសេរី (FTA) មួយនៅក្នុងខែឧសភា និងបញ្ចប់ការរៀបចំកាលពីសប្តាហ៍មុន»។ លោកបានបន្តថា៖ « រដ្ឋាភិបាលកូរ៉េនឹងរាយការណ៍បញ្ហានេះទៅរដ្ឋសភានៅខែនេះ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា FTA ទ្វេភាគីនៅខែក្រោយ »។

ជាមួយគ្នានេះដែរមុននឹងចាប់ផ្ដើមកិច្ចចរចា FTA ជាមួយកម្ពុជា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាជំនួយសាច់ប្រាក់ជាង ១៥ ទ្រីលានវ៉ុន (ជាង ១២ ពាន់លានដុល្លារ) ដើម្បីលើកកម្ពស់ក្រុមហ៊ុនកូរ៉េដែលចូលរួមក្នុងគម្រោងខ្នាតធំនៅក្រៅប្រទេស។ ក្នុងនោះរួមមាន៖
– ជ្រើសរើសគម្រោងសាងសង់ខ្នាតធំចំនួន ៣០ នៅក្រៅប្រទេស និងជួយក្រុមហ៊ុនកូរ៉េចូលរួមក្នុងគម្រោងទាំងនោះ។
– ផ្តល់ជំនួយហិរញ្ញវត្ថុសរុបចំនួន ៣.៧ ទ្រីលានវ៉ុន (ជាង ៣ពាន់លានដុល្លារ) សម្រាប់ប្រើប្រាស់ផ្សេងៗដើម្បីជួយទទួលបានការបញ្ជាទិញក្នុងនោះ៖ ថវិកាជាង ១.២ ពាន់លានដុល្លារ សម្រាប់ការសាងសង់ពិភពលោក ,ថវិកាជិត ៣៣១ លានដុល្លារសម្រាប់មូលនិធិហេដ្ឋារចនាសម្ព័ន្ធសកល និងថវិការ ១.៤ ពាន់លានដុល្លារសម្រាប់គាំទ្រផ្នែកហិរញ្ញវត្ថុពី Export-Import Bank and Korea Trade Insurance Corp។
– ផ្តល់ជូនប្រទេសដៃគូជាមួយសេវាកម្មប្រឹក្សាយោបល់ដូចជា តាមរយៈកម្មវិធីភាពជាដៃគូច្នៃប្រឌិតថ្មី និងសេដ្ឋកិច្ចគំរូ ដើម្បីជួយប្រទេសទាំងនោះរៀបចំផែនការគំរោងថ្មីៗ រួមមានគម្រោងទីក្រុងឆ្លាតវៃ។ លើសពីនេះទៅទៀតរដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការចូលរួមក្នុងគម្រោងថ្មីៗ។ ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះរដ្ឋាភិបាលមានគោលបំណងជួយក្រុមហ៊ុននានាឱ្យទទួលបានការបញ្ជាទិញចំនួន ៣០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ businesskorea


