ក្នុងរយៈពេល ៥ខែនៃដើមឆ្នាំនេះ កម្ពុជានាំចេញកង់ជាង ៨៧ ម៉ឺនគ្រឿងទៅកាន់ទីផ្សារអន្តរជាតិក្លាយជាប្រទេសនាំចេញកង់ឈានមុខគេមួយ នៅលើពិភពលោក
សេដ្ឋកិច្ច June 23, 2020 Chan Sreyny

កម្ពុជាក្លាយជាប្រទេសនាំចេញកង់ ឈានមុខគេមួយនៅលើពិភពលោក ដោយក្នុងរយៈពេល ៥ខែដំបូងនៃដើមឆ្នាំនេះបាននាំចេញកង់ជាង ៨៧ ម៉ឺនគ្រឿងទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមវីដេអូចុះផ្សាយរបស់ក្រសួងព័ត៌មាន។

បើយោងតាមរបាយការណ៍អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករ ចំណូលបានពីការនាំចេញកង់នេះកើនឡើង ២៦% រហូតដល់ជាង​ ១៩២ លានដុល្លារ ខណៈដែលសហគមន៍អឺរ៉ុបជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដោយនាំចេញចំនួន ៤៩៥,៣៤១ គ្រឿងក្នុងតម្លៃ ១១៩ លានដុល្លារ។ បន្ទាប់មកទីផ្សារសហអាមេរិកនាំចេញចំនួន ២២៣,៩១២ គ្រឿងក្នុងតម្លៃ ៤៤ លានដុល្លារ អង់គ្លេសនាំចេញ ១២៥,៦០២គ្រឿងស្មើនឹងតម្លៃ ២៥ លានដុល្លារ និងជប៉ុន នាំចេញចំនួន ៣៣៨គ្រឿងស្មើនឹងតម្លៃជាង ៩ម៉ឺនដុល្លារ រួមទាំងទីផ្សារផ្សេងទៀតមានចំនួន ៣១,៤១៩ គ្រឿងមានតម្លៃជាង ៨ លានដុល្លារអាមេរិក។

សូមជម្រាបផងដែរថា វិស័យទោចក្រយាន កំពុងទាក់ទាញទាំងក្រុមហ៊ុនតម្លើងកង់ម៉ាកល្បីៗ លើពិភពលោក និងរោងចក្របង្គុំទោចក្រយានចូលមកវិនិយោគដែលភាគច្រើនស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ ជាមួយគ្នានេះកាលពីឆ្នាំ២០១៩ កម្ពុជានាំចេញទោចក្រយានមានតម្លៃប្រមាណ ៤១៨ លានដុល្លារ កើនឡើងពី ៣៣១ លានដុល្លារកាលពីឆ្នាំ២០១៨៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន