កំពង់ផែយក្ស DP World ដែលមានទីតាំងនៅទីក្រុង Dubai កំពុងត្រៀមខ្លួនសម្រាប់ហានិភ័យដ៏អាក្រក់បំផុតនៅប៉ុន្មានខែខាងមុខទៀត ដោយសារការរាតត្បាតនៃជំងឺ COVID-19 ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងបំផុតដល់ពាណិជ្ជកម្មពិភពលោក ដែលការប៉ះពាល់នេះមានចាប់តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ។
វិបត្តិនៃការរាតត្បាតជំងឺនេះ បានធ្វើឱ្យមានការរាំងស្ទះដល់ពាណិជ្ជកម្មពិភពលោករហូតដល់ ៨០% នៃការដឹកជញ្ជូនតាមសមុទ្របានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗធ្លាក់ចុះ និងកាត់បន្ថយការនាំចេញនិងនាំចូលមកពីប្រទេសចិន។ ប្រធានក្រុមហ៊ុន DP World លោក Sultan Ahmed Bin Sulayem បាននិយាយថាជំងឺរាតត្បាតបានបង្កផលប៉ះដល់ពាណិជ្ជកម្មយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុង ២០០៧-២០០៨ ( Great Recession ) និងការបំផ្លិចបំផ្លាញក្រោយសង្គ្រាមលោកលើកទី២ ។

លោក Bin Sulayem បានបន្ថែមទៀតថាការដឹកជញ្ជូនដែលគ្រប់គ្រងដោយក្រុមហ៊ុន DP World តាមរយៈស្ថានីយ៍ចុះចត និងដឹកជញ្ជូននៅកំពុងផែចំនួន ៨២ ចំណតរបស់ខ្លួនបានធ្លាក់ចុះត្រឹមតែ ៤% ប៉ុណ្ណោះនៅក្នុងត្រីមាសទីមួយនេះ ខណៈអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយកាលពីខែមេសាថា ពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចន្លោះពី ១៣% ទៅ ៣២% នៅឆ្នាំ ២០២០ ដោយសារមានការរំខានដោយជំងឺ COVID-19 ដល់សកម្មភាពសេដ្ឋកិច្ច។

បន្ថែមពីនេះទៅទៀត លោកក៏បាននិយាយថា “ ចាប់ពីពេលនេះរហូតដល់ ៤ ខែបន្ទាប់ទៀតនោះគឺជាបញ្ហាដ៏សំខាន់ ថាតើនឹងមានបញ្ហាអ្វីខ្វះកើតឡើង យើងចាំបាច់ត្រូវតែឃ្លាំមើល ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបញ្ហាដ៏អាក្រក់នោះ ” ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


