កាលពីសប្ដាហ៍មុនប្រជាជនអាមេរិកជាង ១.៥ លាននាក់ដែលបាត់បង់ការងារធ្វើបានដាក់ពាក្យស្នើសុំប្រាក់ជំនួយពីរាជរដ្ឋាភិបាល ចំពោះការស្នើសុំនេះបណ្ដាលមកពីការរាតត្បាតនៃជំងឺ COVID-19 ។
អត្រានៃការស្នើសុំកើនឡើងខ្ពស់លើសពីការរំពឹងទុក បើទោះបីជាសេដ្ឋកិច្ចបើកឡើងវិញនៅទូទាំងប្រទេសក៏ដោយ ហើយវាក៏ជាសប្ដាហ៍ទី ១៣ ផងដែរ ដោយតួលេខបានកើនឡើងលើស ១ លាននាក់ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានការងារអាមេរិក។ ទន្ទឹមនឹងនេះ អ្នកវិភាគភាគច្រើនបានរំពឹងថា អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកនឹងមានលើសពី ៩% នៅចុងឆ្នាំនេះ ពោលគឺជិតដល់កម្រិតខ្ពស់ដូចទៅនឹងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨។

តាមរបាយការណ៍របស់ក្រសួងការងារបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ នេះថាប្រជាជនជាង ២៩ លាននាក់ដែលស្នើនឹង ១ ភាគ ៥ នៃបុគ្គលិកសរុបដែលបានបាត់បង់ការងារធ្វើ បានស្នើសុំំប្រាក់ជំនួយពីរដ្ឋាភិបាលនៅថ្ងៃទី ៣០ ខែឧសភា ។ ពាក់ព័ន្ធជាមួយបញ្ហានេះដែរ ប្រធានធនាគារកណ្ដាលអាមេរិកបានណែនាំទៅដល់សភាថា គួរតែបន្ថែមជំនួយសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីកាត់បន្ថយការស្នើសុំនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ bbc


