ក្រសួងកសិកម្មរំពឹងថា ការនាំចេញអង្ករនឹងកើនឡើងរហូតដល់ទៅជិត ១ លានតោននៅឆ្នាំនេះ
សេដ្ឋកិច្ច June 19, 2020 Chan Sreyny

មន្រ្តីជំនាញក្រសួងកសិកម្មរំពឹងថា ការនាំចេញអង្ករនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងកើនឡើងរហូតដល់ទៅជិត ១លានតោន ខណៈត្រឹមតែរយៈពេល ៥ខែ នៅឆ្នាំនេះកម្ពុជានាំចេញអង្ករបានចំនួនជាង ៣៥ ម៉ឺនតោន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ” កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា គិតត្រឹមរយៈពេល ៥ខែនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់បណ្ដាប្រទេសនានា លើពិភពលោក បានចំនួនជាង ៣៥ម៉ឺនតោន កើនឡើង ៤២.៣៩% បើធៀបទៅនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែជាង ២៥ម៉ឺនតោន។

ឯកឧត្តមបានបន្តថា តាមរយៈការកើនឡើងនេះដែរ ក្រសួងអាចប៉ាន់ស្មានថា​ ក្នុងឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើងរហូតដល់ទៅជិត ១លានតោន។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានចំនួន ៦២ ម៉ឺនតោន ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោកក្នុងនោះរួមមាន ប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសតំបន់នៅអាស៊ានជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន