វៀតណាមនាំចូលជ្រូករស់ពីប្រទេសថៃជាលើកដំបូង ចំនួន ៥០០ ក្បាល និងបន្តនាំចូល ៤០០០​ ទៅ ៥០០០ ក្បាលទៀតក្នុងមួយថ្ងៃ
សេដ្ឋកិច្ច June 19, 2020 Chan Sreyny

ប្រទេសវៀតណាម បាននាំចូលសត្វជ្រូករស់ជាលើកដំបូងពីប្រទេសថៃចំនួន ៥០០ ក្បាល ដោយបាននាំចូលមកដល់តំបន់ជាយមួយនៅខេត្ត Nghe An កាលពីថ្ងៃទី ១៨ ខែមិថុនា។ បន្ទាប់ពីចត្តាឡីស័កបានបញ្ចប់ ជ្រូកទាំងអស់នោះនឹងត្រូវបានបញ្ជូនទៅកន្លែងសត្តឃាត ដើម្បីយកទៅលក់ដុំនៅក្នុងទីផ្សារនៃខេត្ត Ha Nam ។

លោក Nguyen Van Thanh នយកក្រុមហ៊ុន Thamh Do Nghe An​ (ក្រុមហ៊ុននាំចូលសត្វជ្រូក) បាននិយាយថា បន្ទាប់ពីការនាំចូលលើកដំបូងនេះ លោករំពឹងថានឹងនាំចូលសត្វជ្រូករស់ចំនួន​ ៤០០០ ទៅ ៥០០០ ក្បាលក្នុងមួយថ្ងៃដោយលក់ក្នុងតម្លៃ ៨០០០០ ដុង (៣.៤៥ ដុល្លា) ក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកភ្លៀងខៀវដល់ការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយចាប់ផ្ដើមចាប់ពីថ្ងៃនេះតទៅ សម្រាប់បង្កាត់ពូជ និងកាប់សាច់លក់លើទីផ្សារ។ នេះជាលើកទីមួយហើយដែលប្រទេសវៀតណាមបានអនុញ្ញាតឲ្យ​នាំចូលស្តវជ្រូករស់ពីក្រៅប្រទេសក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃនៅលើទីផ្សារក្នុងស្រុក៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus