យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា តម្លៃសត្វជ្រូករស់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានធ្លាក់ថ្លៃដូចដែលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅនឹងតម្លៃសាច់ជ្រូកនៅលើទីផ្សារកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះពិតមែន។
ជាក់ស្ដែង តម្លៃជ្រូករស់នាំចូលពីប្រទេសថៃ មានតម្លៃ ១២,៣០០ ទៅ ១២,៥០០ រៀល/គីឡូក្រាម ជ្រូកស៊ីភី តម្លៃ ១២,៥០០ រៀល/គីឡូក្រាម និង ជ្រូក ឧញ៉ាម៉ុងរឹទ្ធី មានតម្លៃ ១២,២០០ ទៅ ១២,៥០០រៀល/គីឡូក្រាម។ ដោយឡែកតម្លៃមាន់រស់៖ មាន់ស្រែ ១៧,០០០រៀល/គីឡូក្រាម, មាន់បីសាសន៍តម្លៃ ៨,៧០០ ទៅ ៩,០០០ រៀល/គីឡូក្រាម (ចេញពីរោង) ,មាន់សាច់ (ពណ៌ស) តម្លៃ ៥,៥០០ ទៅ ៥,៧០០ រៀល/គីឡូក្រាម (ចេញពីរោង) និងមាន់ (ស៊ីភី) ១១,០០០ រៀល/គីឡូក្រាម។ ជាមួយគ្នានេះតម្លៃ ទាកាប៉ា ១៣,៥០០ រៀល/គីឡូក្រាម, ទាសំពៅ ១៣,៥០០ រៀល/គីឡូក្រាម, ស៊ុតទាតម្លៃ ៥៥០រៀល/គ្រាប់។

សូមជម្រាបផងដែរថា ដើម្បីអនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កុំឲ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកបរិភោគ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់ មកនៅត្រឹមតែ ១២,០០០រៀល ក្នុងមួយគីឡូក្រាម នៅសប្តាហ៍ក្រោយនេះ។

ជាលទ្ធផលនាថ្ងៃទី១៦ ខែមិថុនា តម្លៃជ្រូករស់នៅទូទាំងប្រទេសបានធ្លាក់ថ្លៃមកត្រឹមជាង ១២០០០ រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃជ្រូករស់ប៉ុន្មានថ្ងៃមុននេះ មានតម្លៃចាប់ពី ១៣,២០០រៀល ទៅ ១៤,២០០រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណាមិញការធ្លាក់ថ្លៃនេះនឹង ធ្វើឲ្យផលិតផលដែលកសិករចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបានបង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកជាដើម៕
អត្ថបទ៖ លីនី


