រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីចំនួន ២៧ កន្លែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋ
សេដ្ឋកិច្ច June 16, 2020 Chan Sreyny

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រកាសសាងសង់ស្ពានអាកាសថ្មើរជើងថ្មីរហូតដល់ ២៧ កន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ខណៈដែលបច្នុប្បន្នមានស្ពានអាកាសថ្មើរជើងចំនួន ៥កន្លែងហើយ នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងត្រូវធ្វើឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។

ឯកឧត្តមបានបន្តថា ការសម្រេចបង្កើនការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋ និងយានយន្ត ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ហើយគម្រោងកសាងស្ពានអាកាសថ្មើជើងចំនួន ២៧ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញនេះ និងជួយរំដោះការកកស្ទះ ចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៥កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងចំនួន ១កន្លែង ដោយឡែកស្ពានអាកាសថ្មើរជើង ២កន្លែងទៀត នៅមុខផ្សារដើមគរ និងមុខសាលាបឋមសិក្សាសន្ធរម៉ុក កំពុងសាងសង់ ហើយគ្រោងនឹងដាក់ឲ្យដំណើរការប្រើប្រាស់នៅពេលឆាប់ៗនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន