វីរុសកូរ៉ូណាប្រហារតម្លៃផ្លែឪឡឹកដ៏ពិសេសរបស់ជប៉ុន ក្នុងការដេញលើកដំបូងធ្លាក់មកត្រឹមជាង ២ ពាន់ដុល្លារក្នុងមួយផ្លែ
សេដ្ឋកិច្ច June 15, 2020 Chan Sreyny

ដោយសារវីរុសកូរ៉ូណាធ្វើឲ្យផ្លែឪឡឹកដ៏មានតម្លៃបំផុតដែលដាំដុះនៅភាគខាងជើង​លើទឹកដី Hokkaido ប្រទេសជប៉ុនត្រូវបានដេញថ្លៃបានសម្រេចក្នុងតម្លៃ ២២០,០០០ យ៉េន (២,០៥០ ដុល្លារ)។ នៅក្នុងការដេញថ្លៃដែលធ្វើឡើងនៅថ្ងៃនេះ គឺជាលើកដំបូងសម្រាប់ឪឡឹកដែលមានពណ៌បៃតងចាស់ហើយមានតម្លៃមួយនេះ នៅផ្សារផលិតស្រស់នៅ Asahikawa ខណៈការតម្លៃដែលបាន​ដេញថ្លៃត្រូវបានគេឲ្យដឹងថា តិចជាងមួយភាគបីនៃតម្លៃដែលបានកំណត់ទុកកាលពីឆ្នាំមុន ហើយឪឡឹកសរុបចំនួន ៧១ផ្លែ ត្រូវបានលក់ចេញ។

បើយោងតាមមន្រ្តីទីផ្សារម្នាក់បាននិយាយថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុស Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ ហើយការធ្លាក់ចុះកាន់តែខ្លាំងនឹងអាចកើតឡើងផងដែរ។ ខណៈឪឡឹកដែលមានតម្លៃខ្ពស់បំផុតជាផលិតផលរបស់តំបន់ Toma ដោយការដេញថ្លៃកាលពីឆ្នាំមុនក្នុងតម្លៃ ៧៥០,០០០ យ៉េន (ជាង ៦៩០០ដុល្លារ)។

យ៉ាងណាមិញអ្នកដេញថ្លៃដែលទទួលបានជោគជ័យនៅឆ្នាំនេះ គឺលោក Madoka Sato អាយុ ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនអេឡិចត្រូនិចក្នុងស្រុកមួយ។ មូលហេតុដែលលោកសម្រេចចេញដេញថ្លៃនេះ គឺលោកមានបំណងចូលរួមដើម្បីបង្ហាញការគាំទ្រដល់កសិករ។ កោះ Hokkaido គឺជាកោះសំខាន់បំផុតនៅភាគខាងជើងរបស់ប្រទេសជប៉ុន និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានរាយការណ៍ថាមានចំនួនអ្នកឆ្លងវីរុស Covid-19 ខ្ពស់ដូចនឹងទីក្រុងតូក្យូ និងទីក្រុងមួយចំនួនទៀត៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី