មេ PTT របស់ថៃនិយាយថា ប្រទេសរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត នឹងឈប់ឈ្លោះគ្នារឿងប្រេង ព្រោះគ្មានអ្នកចំណេញចំពោះរឿងនេះទេ
សេដ្ឋកិច្ច June 15, 2020 Chan Sreyny

សង្គ្រាមតម្លៃប្រេងរវាងប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានឆាបឆេះនៅក្នុងខែមេសានឹងមិនអាចបន្តឡើងវិញទៀតទេ ព្រោះថាជម្លោះរវាងប្រទេសទាំង២ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្រោមសូន្យ ហើយគ្មាននរណាចំណេញនៅក្នុងរឿងនេះទេ នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិថៃ PTT លោក Auttapol Rerkpiboon។

ពោលគឺអ្នកផលិតប្រេងនិងពាណិជ្ជករសំខាន់ៗដែលពាក់ព័ន្ធនៅក្នុងជម្លោះ ដែលធ្លាប់បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្លៃប្រេងអនាគត ដោយផ្អែកលើទីផ្សារ West Texas Intermediate (WTI) បានរៀននូវមេរៀនមួយនេះ ហើយបានយល់ថាគ្មាននរណាម្នាក់នឹងទទួលបានផលប្រយោជន៏ជាមួយទំនាស់នេះទេ។

គួរឱ្យដឹងដែរថា តម្លៃប្រេងបានធ្លាក់ចុះនៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងច្រើន ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចំពោះការមិនយល់ព្រមក្នុងការកាត់បន្ថយផលិតកម្ម។ សង្គ្រាមរវាងប្រទេសទាំង២ បានកើតឡើងនៅចំពេលដែលតម្រូវការប្រេងមានការធ្លាក់ចុះ ដោយសារតែពិភពលោកកំពុងជួបបញ្ហាជាមួយជំងឺ COVID-19​ ដូច្នេះប្រេងគឺគ្មានតម្រូវការនោះទេ ហើយទាំងសងខាងគឺមិនបានចំណេញដោយសារជម្លោះកាច់គ្នានេះទេ៕

ប្រភព៖ នីតា
អត្ថបទ៖ bangkokpost