ថៃគ្រោងបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរមកពីចិន វៀតណាម កូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ដែលគ្រប់គ្រងជំងឺកូវីដបានល្អ
សេដ្ឋកិច្ច June 15, 2020 Chan Sreyny

ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរណ៍ដែលមកពីបណ្ដាប្រទេសដែលមានករណីឆ្លងនៃវីរុស Covid-19 ចុះថយ នៅពេលដែលប្រទេសនេះកំពុងព្យាយាមធ្វើឲ្យឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយសារជំងឺរាតត្បាតត្រលប់ទៅរកការប្រសើរឡើងវិញ។ បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនរបស់ខ្លួននៅដើមខែមេសា​ ដែលធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារនៅក្នុងវិស័យមួយនេះ។

ចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 ចេញពីប្រទេសចិនកាលពីខែមករាមក ប្រទេសបានបញ្ជាក់ពីករណីឆ្លងជាង ៣,១៣០ នាក់ដែលមានអ្នកស្លាប់ចំនួន ៥៨ នាក់។ ប៉ុន្តែដោយមើលឃើញពីអត្រានៅក្នុងប្រទេរបស់ខ្លួន និងតាមបណ្ដាប្រទេសមួយចំនួនធ្លាក់ដល់កម្រិតទាប មន្រ្តីទេសចរណ៍សង្ឃឺមថានឹងទាក់ទាញភ្ញៀវទេសចរមកបណ្ដាប្រទេសដែលអាចគ្រប់គ្រងវីរុសបានល្អប្រសើរតាមរយៈការបើកទ្វារស្វាគមន៍ដល់ប្រទេសដូចជា ចិន វៀតណាម សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។

លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដរបស់រដ្ឋាភិបាលថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា កម្មវិធីសម្រាប់ទេសចរណ៍ថ្មីដែលមានឈ្មោះថា «travel bubbles» នឹងអនុញ្ញាតឱ្យប្រជាជនមកពីបណ្តាប្រទេសដែលអាចគ្រប់គ្រងវីរុសបានល្អ ឲ្យចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចតាឡីស័ករយៈពេល ១៤ ថ្ងៃ។

ជាមួយគ្នានេះលោកបានបន្តថា អ្នកដំណើរនឹងត្រូវបំពេញការត្រួតពិនិត្យសុខភាព មុន និងក្រោយពេលមកដល់ ក៏ដូចជាការធានារ៉ាប់រងសុខភាពដែលមានសុពលភាពផងដែរ។ ទោះយ៉ាងណាលោកមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបើកការជ្រើសរើសឡើងវិញនោះទេ ដោយលោកបានបន្ថែមថាកិច្ចពិភាក្សាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខរវាងមន្ត្រីសុខាភិបាល និងមន្រ្តីទេសចរណ៍នឹងបញ្ជាក់ពីជំហានបន្ទាប់។

យ៉ាងណាមិញលោក Taweesin បានកត់សម្គាល់ថាប្រទេសថៃ កំពុងផ្តោតលើទេសចរកីឡា ដូចជាអ្នកលេងវាយកូនហ្គោល ព្រោះទេសចរណ៍ប្រភេទត្រូវស្នាក់នៅក្នុងតំបន់ជាក់លាក់ និងមានទំនាក់ទំនងតិចតួចជាមួយអ្នកស្រុក ក៏ដូចជាពាណិជ្ជករ និងទេសចរនានា។ គួរបញ្ជាក់ផងដែរថាវិស័យទេសចរណ៍ គឺជាសសរសេដ្ឋកិច្ចដ៏សំខាន់មួយនៃសេដ្ឋកិច្ចថៃ ខណៈវិស័យនេះមានប្រហែល ២០ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលត្រូវបានគេព្យាករណ៍ថានឹងខាតបង់ប្រាក់ចំណូលរហូតដល់ទៅ ៤៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារការមកដល់នៃភ្ញៀវទេសចរអាចនឹងធ្លាក់ចុះពី ៤០ លាននាក់កាលពីឆ្នាំទៅ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី