សេដ្ឋកិច្ចអូស្រ្តាលីនឹងដុនដាបខ្លាំង បើនិស្សិតចិនបញ្ឍប់ការសិក្សានៅទីនោះ ខណៈវិស័យអប់រំអូស្រ្តាលីស្រូបយកចំណូលជិត ៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ
សេដ្ឋកិច្ច June 13, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលីដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល​ ៣០ឆ្នាំមកនេះ ដោយសារវីរុសកូរ៉ូណា និងកាន់តែធ្លាក់ដុនដាប់មួយកម្រិតទៀតប្រសិនបើនិស្សិតបញ្ឈប់ការសិក្សា​នៅអូស្រ្តាលី ដោយស្ដាប់តាមការព្រមានរបស់រដ្ឋាភិបាលរបស់ពួកគេពីការប្រកាន់ជាតិសាសន៍ នេះដោយយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលីកាលពីថ្ងៃពុធ កន្លងទៅនេះ។​

វិស័យអប់រំអន្តរជាតិ គឺជាអ្នក​រកប្រាក់ចំណូលធំបំផុតទី៤ របស់ប្រទេសអូស្រ្តាលីដែលអាចរកចំណូលបានដល់ទៅ ២៦ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយវិស័យនេះសំខាន់ជាងការនាំចេញ សាច់គោ និងស្រូវសាលីដែលត្រូវបានប្រទេសចិនហាមឃាត់ និងតម្លើងពន្ធនាំចូលកាលពីខែមុនទៅទៀត។ ជាមួយគ្នាប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អូស្រ្តាលីដែលបានបញ្ជូននិស្សិតអន្តរជាតិច្រើនជាងគេក្នុងចំនួន ៣៧.៣% នៃនិស្សិតបរទេសចំនួន ៤៤២,២០៩ នាក់នៅឧត្តមសិក្សាក្នុងឆ្នាំ ២០១៩ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានអប់រំ។

ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រសួងអប់រំចិនបានព្រមាននិស្សិតឱ្យពិចារណាឡើងវិញអំពីការវិលត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ ដោយសារការរើសអើងជាតិសាសន៍ ដែលផ្តោតលើជនជាតិអាស៊ីក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19។ ហើយកាលពីសប្ដាហ៍មុនប្រទេសចិនក៏បានព្រមានដល់ប្រជាជនខ្លួន ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអូស្រ្តាលីរួចមកហើយ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងអូស្រ្តាលីជាមួយចិនបានអន់ថយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការចោទប្រកាន់ថាចិនកំពុងជ្រៀតជ្រែកកិច្ចការរបស់អូស្រ្តាលី និងស្វែងរកឥទ្ធិពលហួសហេតុនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ លើសពីនេះចំណងបានស្ថិតក្នុងស្ថានភាពតានតឹងកាន់តែខ្លាំងចាប់តាំងពីប្រទេសអូស្រ្តាលីបានអំពាវនាវឱ្យមានការសើបអង្កេតអំពីប្រភពដើមនៃវីរុស Covid-19៕

ប្រភព៖ reuters
អត្ថបទ៖ លីនី