អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃនេះបានអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពុំដែលអនុញ្ញាតផ្ដល់គោលការណ៍នាំចូលជ្រូករស់ឲ្យក្រុមហ៊ុនណាមួយផ្ដាច់មុខនោះទេ។ ហើយអគ្គនាយដ្ឋានបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមទៀត រហូតដល់កាត់បន្ថយការនាំចូលជ្រូករស់មកត្រឹមកម្រិតទាបបំផុត។
ជាមួយគ្នានេះដែរការគ្រប់គ្រងការនាំចូលជ្រូកពីបរទេស មកផ្គត់ផ្គង់ទីផ្សារព្រះរាជាណាចក្រកម្ពុជាមិនពាក់ព័ន្ធនឹងអំំពើពុករលួយឡើយ ផ្ទុយទៅវិញទទួលបានការសាទរពីសមាគមន៍ចិញ្ចឹមសត្វកម្ពុជា ហើយបានជំរុញ និងលើកទឹកចិត្ត សមាជិក សមាគមន៍ ក៏ដូចជាកសិករ ឲ្យធ្វើការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។
ជាក់ស្ដែងរយៈពេល ៥ខែដើមឆ្នាំ ២០២០ នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំពាក្យបង្កើតកសិដ្ឋាន ២៣កន្លែង ក្នុងនោះខ្នាតធំ ៧ កន្លែង ខ្នាតមធ្យម ២កន្លែង និងខ្នាតតូច ១៤កន្លែង បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩ ពេញមួយឆ្នាំគឺ អគ្គនាយកដ្ឋានទទួលបានការស្នើសុំបង្កើតកសិដ្ឋានតែ ១០កន្លែងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា លទ្ធភាផ្គត់ផ្គង់ទៅផ្សារក្នុងស្រុកតាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារនៃឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាល ក្នុងមួយថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពី ២៣៥០ក្បាល ទៅ ៤៤០០គ្បាលក្នុងមួយថ្ងៃទៅតាមតម្រូវការតិច ឬ ច្រើន៕

អត្ថបទ៖ លីនី


