ជប៉ុនកំពុងត្រៀមសម្រាប់រលកទី២ តែនៅឆ្លៀតផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស តម្លៃជាង ៦​ លានដុល្លារ
សេដ្ឋកិច្ច June 12, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦,៣២០,១៦៧ ដុល្លារអាមេរិក ជូនដល់រាជដ្ឋាភិបាលកម្ពុជា តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមប្រភពដដែល ជំនួយបន្ទាន់ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ឲ្យនេះគឺ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា។

ដោយទទួលស្គាល់ពីសមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងកំឡុងពេលនិងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុនផងដែរ៕

អត្ថបទ៖ លីនី