ការលក់ស្រាបៀរនៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារកំណត់ត្រានៃការឆ្លង​នៃវីរុស Covid-19
សេដ្ឋកិច្ច June 12, 2020 Chan Sreyny

ការលក់ស្រាបៀរនៅចក្រភពអង់គ្លេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារកំណត់ត្រានៃការឆ្លង​នៃវីរុស Covid-19 នេះបើយោងតាមការលើកឡើងរបស់អង្គភាពឧស្សាហកម្មពាណិជ្ជកម្មរបស់សមាគមស្រាបៀរអង់គ្លេស និងសមាគមផាប់អង់គ្លេស (BBPA)។ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ការលក់សរុបបានធ្លាក់ចុះ ៧.២% ស្មើនឹង ១.៥ ពាន់លានភីន (pint គឺជារង្វាស់របស់ចក្រភពអង់គ្លេសដោយក្នុង 1pint=0.568 លីត្រ) ប្រៀបធៀបនឹងឆ្នាំមុនៗ។

ប្រភពដដែលបានឲ្យដឹងថា ការធ្លាក់ចុះនេះ គឺធ្លាក់ចុះទាំងស្រុងចំពោះការលក់នៅក្នុងហាងស្រា និងបារ ដោយបានធ្លាក់ចុះ ១៦.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នងចំនួន ៦៦៨ លានភីន។ លោកស្រី Emma McClarkin នាយក ប្រតិបត្តិរបស់ (BBPA) បាននិយាយថា ដោយសារវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបិទហាងស្រា បារ ភោជនីយដ្នាន និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំង​ប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 បានធ្វើឲ្យតួលេខចុងក្រោយនៃការលក់ធ្លាកចុះយ៉ាងគំហុក។

លោកស្រីបានបន្តថា បច្ចប្បន្ន (BBPA) កំពុងជំរុញរដ្ឋាភិបាលធ្វើឱ្យការលក់ស្រាបៀរនៅចក្រភពអង់គ្លេសត្រលប់មកជាធម្មតា និងបើកហាងស្រាឡើងវិញចាប់ពីថ្ងៃទី ៤ ខែកក្កដា។ យ៉ាងណាមិញប្រទេសអង់គ្លេសកំពុងបន្ធូរបន្ថយជាបណ្តើរៗ នូវការរឹតបន្តឹងលើប្រជាពលរដ្ឋ ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរយៈពេលពីរខែកន្លងមកនេះ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី