ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកន្លែងទៀត ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ
សេដ្ឋកិច្ច June 12, 2020 Chan Sreyny

អភិបាលខេត្តកោះកុង ត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកន្លែងទៀត នៅក្បែរទីរួមខេត្តកោះកុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកាន់ខេត្តកោះកុង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកោះកុងនេះស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ដោយកំពុងសិក្សាទីតំាង និងផលប៉ៈពាល់ផ្សេងៗ។ បើតាមការបញ្ជាក់របស់លោកជំទាវ ផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ខណៈដែរខេត្តនេះកំពុងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើន។

(រូបតំណាង)

យ៉ាងណាមិញចំពោះពេលវេលាជាក់លាក់ក្នុងការចាប់ផ្ដើមសាងសង់មិនទាន់អាចកំណត់បានទេ ដោយលោកជំទាវបានបញ្ជាក់ថា ការរៀបចំទីតាំងពីដំបូងដែលបានកំណត់ទុកនោះ នៅកៀកខេត្តពេក ដោយបន្ទាប់ពីសិក្សាលើផល៉ប៉ះពាល់មក ឃើញថាមានប៉ះពាល់ទើបត្រូវ​ផ្លាស់ប្ដូរទីតាំង។ ដូច្នេះព្រលានយន្តហោះថ្មីនេះ ត្រូវការពេលវេលារៀបចំគម្រោង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ម្ដងទៀតទើបអាចកំណត់ពេលវេលាបាន។ សូមបញ្ជាក់ផងដែរថា គម្រោងបង្កើតព្រលានយន្តហោះអន្តរជាតិខេត្តកោះកុងនេះ បានធ្វើឡើងស្របពេលដែលខេត្តនេះកាន់តែទទួលបានកំណើនភ្ញៀវទេសចរ និងវិនិយោគិនកាន់តែច្រើន ដោយសារតែខេត្តកោះកុងមានសក្តានុពលវិនិយោគទំាងពាណិជ្ជកម្ម និងទេសចរណ៍៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន