ភ្នំពេញ៖ នាដើមខែមិថុនា ឆ្នាំ២០២០នេះ វិស័យទេសចរណ៍ហាក់ដូចជាកំពុងងើបឡើងវិញជាបណ្ដើរៗ ដោយមានភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេសក្នុងសប្ដាហ៍ទី១ នៃខែនេះ ក្នុងកំណេីន ២៤.២០% ធៀបនឹងសប្តាហ៍មុន នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់នាយប់ថ្ងៃទី១១ នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០% ធៀបនឹងសប្តាហ៍មុន។ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។

ជាការកត់សម្គាល់ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ រីឯខេត្តបាត់ដំបងឃេីញថាកេីនឡេីងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡេីយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ៕




ប្រភព៖ ក្រសួងទេសចរណ៍


