វៀតណាម៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកភ្លៀងខៀវដល់ការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយចាប់ផ្ដើមចាប់ពីថ្ងៃនេះតទៅ សម្រាប់បង្កាត់ពូជ និងកាប់សាច់លក់លើទីផ្សារ។ នេះជាលើកទីមួយហើយដែលប្រទេសវៀតណាមបានអនុញ្ញាតឲ្យនាំចូលស្តវជ្រូករស់ពីក្រៅប្រទេសក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃនៅលើទីផ្សារក្នុងស្រុក។
ជុំវិញការអនុញ្ញាតឲ្យនាំចូលជ្រូកពីប្រទេសថៃភ្លាមៗនេះ ក្រសួងបានចាត់ឲ្យនាយកដ្ឋានសុខភាពសត្វ ចេញពីសេចក្ដីណែនាំលម្អិតស្ដីពីវិធានការណ៍អនាម័យសម្រាប់សត្វជ្រូកដែលនាំចូលស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ដើម្បីការពារជំងឺសត្វ និងធានាសុវត្ថិភាពដល់ហ្វូងសត្វក្នុងស្រុក។

បន្ថែមពីនេះប្រធានមន្ទីរក៏ទទួលខុសត្រូវក្នុងការជំរុញការសម្របសម្រួលរបស់ខ្លួនជាមួយទីភ្នាក់ងារអន្តរវិស័យនៅកំពង់ផែច្រកចូល និងអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងការនាំចូលយ៉ាងតឹងរឹង។ គួរឲ្យដឹងផងដែរថា តម្លៃសាច់ជ្រូកលើទីផ្សារនៅវៀតណាម បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន ដោយសារតែការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូក និងការធ្លាកចុះនៃការចិញ្ចឹមដែលមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


