ប្រទេសថៃស្នើឱ្យមានការកាត់បន្ថយថ្លៃជួលដីរដ្ឋ ៥០% ដើម្បីសម្រាលបន្ទុកប្រតិបត្តិករ និងរក្សាអត្រាការងាររបស់បុគ្គលិក
សេដ្ឋកិច្ច June 11, 2020 Khmernote

ក្រសួងហិរញ្ញវត្ថុថៃបានដាក់ស្នើឱ្យមានការកាត់បន្ថយថ្លៃជួល ៥០% លើដីរដ្ឋដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករ និងជួយរក្សាអត្រាការងារ។ អគ្គនាយក Yuttana Yimgarund បាននិយាយថា ព័ត៌មានលម្អិតនៃការកាត់បន្ថយការជួលកំពុងត្រូវបានពិភាក្សា រួមជាមួយលក្ខខណ្ឌសម្រាប់អ្នកជួលផងដែរ។ ជាឧទាហរណ៍ប្រតិបត្តិករអាជីវកម្មត្រូវទទួលយកលក្ខខណ្ឌ ដើម្បីរក្សាបុគ្គលិកដែលមានស្រាប់ ប្រសិនបើការកាត់បន្ថយថ្លៃជួល ៥០% ត្រូវបានអនុវត្ត។

នាយកដ្ឋានរតនាគារថៃបានដាក់ឱ្យជួលដីជាច្រើនកន្លែង សម្រាប់ធ្វើលំនៅដ្ឋាន កសិកម្ម និងគោលបំណងពាណិជ្ជកម្ម។ ចំណែកដីសម្រាប់វិស័យពាណិជ្ជកម្ម ត្រូវជួលឱ្យទីតាំងដូចជាអាកាសយានដ្ឋាន និងថាមពល ក៏ដូចជាអាជីវកម្មខ្នាតតូចផងដែរ។ លោក Yuttana Yimgarund មានប្រសាសន៍ថា វិធានការណ៍ដែលបានស្នើឡើងគឺស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ការរក្សាការងាររបស់វិស័យឯកជន ខណៈពេលដែលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត COVID-19។ ការកាត់បន្ថយថ្លៃឈ្នួលជួលដី គឺមានអត្ថប្រយោជន៍និងប្រើប្រាស់ធនធានហិរញ្ញវត្ថុតិចតួច បើប្រៀបធៀបនឹងករណីដែលបុគ្គលិកជាច្រើនត្រូវបានគេបញ្ឈប់ពីការងារ ដែលនឹងត្រូវការជំនួយហិរញ្ញវត្ថុកាន់តែច្រើនពីរដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍