សេដ្ឋកិច្ចថៃកំពុងស្ថិតក្នុងហានិភ័យយ៉ាងខ្លាំង ខណៈប្រាក់បាតឡើងថ្លៃខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងឆ្នាំនេះ
សេដ្ឋកិច្ច June 11, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រាក់បាតរបស់ប្រទេសថៃបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំនេះ នៅពេលដែលរូបិយប័ណ្ណរបស់ប្រទេសក្នុងអាស៊ីដទៃទៀតកំពុងធ្លាក់ចុះ ដែលធ្វើឱ្យធនាគារកណ្ដាលមានការព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ចដែលអាចកើតមាន នៅពេលដែលលុយបាតបន្ដឡើងថ្លៃ។

ប្រាក់បាតបានឡើងថ្លៃដល់ ១.១% បើធៀបនឹងប្រាក់ដុល្លារដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩មកម្លេះ។ ជាមួយគ្នានេះធនាគារកណ្ដាលថៃបានបង្ហាញពីការព្រួយបារម្ភអំពីការឡើងថ្លៃនៃប្រាក់បាតយ៉ាងរហ័ស ហើយធនាគារបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការទប់ស្កាត់ក្នុងការកើនឡើងជាគំហុកដែលអាចធ្វើឱ្យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះដែលមានរួចទៅហើយ។

គួរបញ្ជាក់ផងដែរថាសេដ្ឋកិច្ចរបស់ប្រទេសថៃពឹងផ្អែកលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលវិស័យទាំងពីរនេះត្រូវបានបំផ្លាញ់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីត១៩។ បន្ថែមពីនេះគិតត្រឹមម៉ោង ១០ ព្រឹកនេះប្រាក់បាតឡើងថ្លៃ ០.៧% ចំនួន ៥ ថ្ងៃជាប់ៗគ្នា ហើយភាគហ៊ុនបានធ្លាក់ចុះដល់ ០.៧% មុនពេលកាត់បន្ថយការធ្លាក់ចុះរបស់វិស័យពាណិជ្ជកម្មដែលមានការផ្លាស់ប្ដូរតិចតួច៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost