រដ្ឋាភិបាលកម្ពុជាបង្កើនថវិកាដល់ចំនួន ៤១០ ប៊ីលានរៀលអនុវត្តគម្រោងសាច់ប្រាក់ពលកម្មជុំទី៤ ក្នុងឆ្នាំ២០២០ ដែលអាចជួយដល់អ្នកបាត់បង់ការងារចំនួន ៨៩ ម៉ឺននាក់
សេដ្ឋកិច្ច June 11, 2020 Chan Sreyny

រាជដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសឲ្យអនុវត្តវិធានការជុំទី៤ នៃ “ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ” ដែលមានគោលដៅ ចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករ ក្រីក្រ ដោយបង្កើនថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ពលកម្មក្នុងឆ្នាំ២០២០ នេះពី ១៥០ ប៊ីលានរៀលឱ្យដល់ ៤១០ ប៊ីលានរៀលនេះបើយោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេករបស់ទូរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច។

បើតាមប្រភពដដែលបានឲ្យដឹងថា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងប្រកាសជាផ្លូវការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដោយប្រើប្រាស់កម្មវិធីសាច់ប្រាក់ ពលកម្ម ក្រោមក្របខ័ណ្ឌ “គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២” ដែលបានប្រព្រឹត្តិធ្វើនៅក្នុងខេត្តកំពង់ធំ។

នាឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកឡើងពីសមិទ្ធផលជោគជ័យនៃជំហានទី១ ដែលសម្រេចបានតាមផែនការ បន្ទាប់ពីត្រូវបានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៩ ដោយបានចំណាយថវិកាសរុបចំនួន ២១៥,៤ ប៊ីលានរៀល និងមានវិសាលភាពលើខេត្តគោលដៅចំនួន ១២ រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិសាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យកបានបញ្ជាក់បន្ថែមផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចប្រកាសឲ្យអនុវត្តវិធានការជុំទី៤​ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍វិបត្តិ និងការស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ដោយក្នុងវិធានការនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តីបាន សម្រេចបង្កើនថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ពលកម្មក្នុងឆ្នាំ២០២០ នេះពី ១៥០ ប៊ីលានរៀលឱ្យដល់ ៤១០ ប៊ីលានរៀល។

សូមជម្រាបផងដែរថាតាមផែនការថ្មីក្នុងឆ្នាំ២០២០ គម្រោងនេះមានសមត្ថភាពស្រូបយកពលកម្ម ដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០,០០០ នាក់, កសាងផ្លូវលំបានចំនួន ២,២៥៥ គីឡូម៉ែត្រ, ប្រឡាយជើងក្អែបបានចំនួន ២,៣៨៤ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្មបានចំនួន ៤៥ ។ ខណៈប្រជាជនទទួលផលពីហេដ្ឋារចនា- សម្ព័ន្ធទាំងនេះមានចំនួន ៩៥៧,០០០ គ្រួសារ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា