ចិនប្ដេជ្ញាជួយក្រុមហ៊ុនពាណិជ្ជកម្មបរទេសជំនះរាល់ការលំបាក ឲ្យអស់ពីសមត្ថភាពក្នុងគ្រាមានវិបត្តិ Covid-19
សេដ្ឋកិច្ច June 11, 2020 Chan Sreyny

ក្រសួងពាណិជ្ជកម្មចិន (MOC) កាលពីថ្ងៃពុធទី១០ ខែមិថុនា បានសន្យាថានឹងជួយដល់ជំនួញពាណិជ្ជកម្មបរទេសជំនះនឹងការលំបាក ខណៈដែលវិស័យនេះប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាត Covid-19។ នៅក្នុងសន្និសីទកាសែតមួយលោក Zhang Li មន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ទោះបីមានធ្លាក់ចុះ នៅក្នុងប្រទេសចិន និងតំបន់ខ្លះក៏ដោយ ប្រទេសចិននៅតែឆ្លៀតពេលរបស់ខ្លួនដើម្បីស្ដារ និងជួយដល់ជំនួញពាណិជ្ជកម្មបរទេស ខណៈពាណិជ្ជកម្មពិភពលោកនៅតែមានភាពមិនច្បាស់លាស់។

ជាក់ស្ដែងដើម្បីធ្វើឲ្យពាណិជ្ជកម្ម និងការវិនិយោគបរទេសមានស្ថេរភាពប្រទេសចិនបានដាក់ចេញនូវវិធានការណ៍មួយចំនួនរួមមានការគាំទ្រហិរញ្ញប្បទាន និងនីតិវិធីសាមញ្ញៗ។ បន្ថែមពីនេះរដ្ឋាភិបាលក៏បានបង្កើនការផ្តោតការយកចិត្តទុកដាក់លើការជំរុញគំរូពាណិជ្ជកម្មថ្មីដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន។

បន្ថែមពីនេះក្រៅពីការបង្កើតតំបន់សាកល្បងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនចំនួន ៥៩ រួចមក ប្រទេសចិនបានអនុម័តលើតំបន់ថ្មីចំនួន ៤៦ទៀត និងលើកលែងពន្ធលើតម្លៃបន្ថែម (VAT) លើការនាំចេញសម្រាប់លក់រាយ និងពន្ធលើការប្រើប្រាស់នៅតាមតំបន់សាកល្បងទាំងអស់។ លើសពីនេះទៅទៀតក្រសួងពាណិជ្ជកម្មក៏បានអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់អ្នកនាំចេញ ក្នុងការលក់ទំនិញរបស់ពួកគេនៅក្នុងទីផ្សារក្នុងស្រុក និងដើម្បីពង្រីកការនាំចូលដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពនៃពាណិជ្ជកម្មបរទេស៕​

ប្រភព៖ thestar
អត្ថបទ៖ លីនី