ប្រធានសភាពាណិជ្ជកម្មថៃ ស្នើឲ្យរដ្ឋាភិបាលបើកឱកាសដល់អ្នកជំនួញ និងភ្ញៀវទេសចរមកពី ៥ ប្រទេសនេះ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ច
សេដ្ឋកិច្ច June 11, 2020 Chan Sreyny

ថៃ៖ ដើម្បីជួយដល់ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញឲ្យរលូន និងប្រកបដោយប្រសិទ្ធភាព គណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ នឹងស្នើឱ្យពាណិជ្ជករបរទេសត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃ។ យោងតាមប្រធានសភាពាណិជ្ជកម្មថៃលោក Kalin Sarasin បានលើកឡើងថា ការបើកឲ្យពាណិជ្ជករបរទេសចូលមកប្រទេសថៃ អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលដាក់ចេញនូវវិធានការតឹងរឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19។

ក្នុងនោះរដ្ឋាភិបាលគឺ ត្រូវអនុវត្តលើវិធានការទប់ស្កាត់ដូចជា ធានាថាពាណិជ្ជករបរទេស ឬ ភ្ញៀវទេសចរបរទេសគ្រប់រូបត្រូវបានធ្វើតេស្តរកមេរោគមុនពេលចុះចតលើទឹកដីថៃ ៤៨ ម៉ោង។ ទន្ទឹមនឹងនេះពួកគេត្រូវធ្វើតេស្តម្ដងទៀតមុនពេលមកដល់ ហើយតម្រូវឲ្យស្ថិតនៅកន្លែងដាក់ដោយឡែករយៈពេល ១៤ថ្ងៃ។ ដោយឡែកសម្រាប់ការមកដល់របស់ជនបរទេសទាំងនេះនឹងមិនអនុញ្ញាតឲ្យប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈផងដែរ។

បន្ថែមពីនេះលោក Kalin ដែលជាអ្នកត្រួតពិនិត្យក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មរំពឹងថា អ្នកជំនួញមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់នឹងត្រូវបានផ្តល់ឱកាសឱ្យចូលប្រទេសនេះមុនបណ្ដាប្រទេសដទៃ។ ជាងនេះទៅទៀតលោកក៏បានណែនាំដល់រដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសដែលស្ថិតក្នុងស្ថាភាពល្អប្រសើរដូចជាតៃវ៉ាន់ វៀតណាម និងចិនចុះចតនៅប្រទេសថៃ ប្រសិនបើពួកគេបានឆ្លងកាត់វិធានការការពារ Covid-19 ផងដែរ៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី