វៀតណាម៖ ផ្លែគូលែនរបស់ប្រទេសវៀតណាម ដែលបានលើកមុខមាត់ជាតិឲ្យក្លាយជាប្រទេសដែលនាំចេញធំជាងគេបំផុតទី២ លើពិភពលោកនេះ ត្រូវបានគេឲ្យដឹងថាធ្លាក់ចុះតម្លៃខ្លាំងចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កសិកររាប់រាយនាក់បានតម្រៀប និងដាក់ផ្លែគូលែនជាគំនរធំៗនៅផ្សារដូចរាល់ដង ប៉ុន្តែតម្លៃបានធ្លាក់ចុះ ខណៈដែលពាណិជ្ជករបរទេសត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដើម្បីទប់ស្កាត់វីរុស Covid-19។
បើទោះបីជាប្រទេសវៀតណាមត្រលប់មករកភាពធម្មតាវិញ បន្ទាប់ពីការប្រយុទ្ធប្រឆាំងយ៉ាងចាស់ដៃទៅនឹងការរីករាលដាលនៃវីរុសក៏ដោយក្ដី ប៉ុន្តែការធ្វើជំនួញបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការបិទព្រំដែនរបស់ខ្លួន។ ជាមួយគ្នានេះកសិករវ័យ ៣៥ឆ្នាំម្នាក់បានរៀបរាប់ថា៖ «ដោយសារតែជំងឺរាតត្បាត ពាណិជ្ជករចិនមិនអាចមកទិញផ្លែគូលែនទេ ហើយយើងលក់ទៅឱ្យឈ្មួញក្នុងស្រុកបានតម្លៃទាបខ្លាំងណាស់ »។

ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍កាលពីសប្តាហ៍មុនថា មនុស្សរាប់រយនាក់មកពីប្រទេសចិន និងជប៉ុនត្រូវបានទុកឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដែលជាហេតុធ្វើឲ្យតម្លៃផ្លែគូលែនធ្លាក់ចុះ។ យ៉ាងណាមិញទោះបីជាអាជ្ញាធរអះអាងថានឹងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុកក៏ដោយ ក៏តម្លៃបានធ្លាក់ចុះដល់ពាក់កណ្តាលធៀបទៅនឹងឆ្នាំមុនបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ប្រទេសកុម្មុយនិស្តមួយនេះជាធម្មតានាំចេញផ្លែគូលែនស្រស់ប្រហែល ១០ ម៉ឺនតោនដែលមានតម្លៃជាង ៣០ លានដុល្លារភាគច្រើនទៅប្រទេសចិន ហើយក៏នាំចេញទៅប្រទេសជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិកផងដែរក្នុងមួយរដូវៗ។ បន្ថែមពីនេះកាលពីឆ្នាំ២០១៩ ប្រទេសនេះបានជាបចំណាត់ថ្នាក់ជាប្រទេសដែលនាំចេញផ្លែគូលែនបានច្រើនជាងគេធំបំផុតទី២ នៅលើពិភពលោកផងដែរ៕
ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


