វិបត្តិជំងឺ COVID-19 ធ្វើឱ្យហាងទំនិញនៅអាមេរិកប្រហែល ២៥,០០០ ត្រូវគេរំពឹងថានឹងបិទទ្វារជាអចិន្ត្រៃយ៍នៅឆ្នាំនេះ
សេដ្ឋកិច្ច June 10, 2020 Khmernote

ហាងទំនិញចំនួន ២៥,០០០ នៅសហរដ្ឋអាមេរិកអាចបិទជាអចិន្ត្រៃយ៍នៅឆ្នាំ២០២០នេះ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបំផ្លាញឧស្សាហកម្មលក់រាយ ខណៈនៅតាមផ្សារជាច្រើនកំពុងជួបការលំបាកស្រាប់។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវផ្នែកលក់រាយនិងបច្ចេកវិទ្យាបានឱ្យដឹងថា ចំនួននៃការបិទទ្វារនេះនឹងបំបែកកំណត់ត្រាចាស់របស់ឆ្នាំ២០១៩ នៅពេលដែលហាងជាង ៩,៨០០ ត្រូវបានបិទទ្វារដោយសារប្រាក់ចំណូលទាប។ ការបិទភាគច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងផ្សារទំនើប ដោយហាងលក់ទំនិញ និងហាងលក់សម្លៀកបំពាក់ ត្រូវបានគេប៉ាន់ស្មានថាស្ថិតក្នុងចំណោមក្រុមរងគ្រោះខ្លាំងបំផុត។

ហាងលក់រាយនៅអាមេរិកចាប់ផ្ដើមអន់ថយនៅពាក់កណ្តាលខែមីនា ដោយសារការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ COVID-19 ហើយទោះបីជារដ្ឋកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ ហាងជាច្រើននៅតែត្រូវបានបិទទ្វារ ឬផ្តល់សេវាកម្មមានកំណត់។ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា អ្នកលក់រាយជាច្រើនបានគ្រោងនឹងបិទហាងជាអចិន្រ្តៃយ៍ប្រមាណ ៤,០០០ កន្លែង ដែលរាប់បញ្ចូលទាំង J C Penney, Victoria’s Secret និង Pier 1 ។ នៅក្នុងខែមីនា Coresight ធ្លាប់បានប៉ាន់ប្រមាណថា ហាងប្រហែល ១៥,០០០ នឹងត្រូវបិទទ្វារនៅឆ្នាំ២០២០។ ទន្ទឹមនឹងការបិទទ្វារ Coresight រំពឹងថា នឹងមានភាពក្ស័យធនមួយទៀត នៅពេលដែលអ្នកលក់រាយមានបំណុលច្រើន ហើយសព្វថ្ងៃក៏មានការប្រកាសក្ស័យធន់ជាបណ្តើរហើយដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times