ជប៉ុនចេញគោលការណ៍ណែនាំថ្មី ដើម្បីតាមដានរាល់អ្នកដែលទៅកន្លែងកម្សាន្តរាត្រី ខណៈការឆ្លងជំងឺ COVID-19 ថ្មីៗមានទាក់ទងនឹងកន្លែងទាំងនោះ
សេដ្ឋកិច្ច June 10, 2020 Khmernote

ប្រទេសជប៉ុនគ្រោងនឹងចេញគោលការណ៍ណែនាំថ្មី សម្រាប់កន្លែងកម្សាន្តរាត្រីដូចជា៖ បារ និងក្លឹបរាត្រី ដែលទីតាំងទាំងនោះតែងតែមានការស្និទ្ធស្នាលគ្នា។ គោលការណ៍ថ្មីនេះមានន័យថា អ្នកចូលទៅកម្សាន្តនៅតាមបារឬក្លឹបរាត្រី តម្រូវឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់អាជ្ញាធរ ដើម្បីងាយស្រួលអាចតាមដានបានថា តើនរណាខ្លះបានទៅទីកន្លែងដែលអ្នកជំងឺ COVID-19 ធ្លាប់បានទៅ។ ជប៉ុនគ្រោងនឹងចេញគោលការណ៍នេះនៅថ្ងៃទី១៩ ខែមិថុនា នៅចំពេលដែលករណីថ្មីៗចុងក្រោយមានទាក់ទងនឹងកន្លែងកម្សាន្តបែបនេះ។

គោលការណ៍ណែនាំនឹងត្រូវបានសរសេរឡើងដោយក្រុមឧស្សាហកម្ម និងបោះពុម្ពផ្សាយដោយរដ្ឋាភិបាល ដែលនឹងស្នើសុំការអនុលោមតាមច្បាប់។ ទោះបីគោលការណ៍ណែនាំមិនបានដាក់កំហិតនៅក្នុងការអនុវត្តន៍ក៏ដោយ ទីតាំងនានានឹងបង្ហាញជូនអតិថិជនជាវិធានការណ៍ទូទាំងប្រទេស ដែលអាជ្ញាធរសង្ឃឹមថា នឹងអាចធ្វើឱ្យពួកគេងាយស្រួលគោរពតាម។ ព័ត៌មានរបស់អ្នកកម្សាន្តត្រូវរក្សាទុករហូតដល់ ៦ខែ ហើយអ្នកមិនព្រមសហការនឹងមិនអនុញ្ញាតឱ្យចូលកន្លែងកម្សាន្តរាត្រីទាំងនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei