រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផ្តល់ហរិញ្ញប្បទានឥតសំណងសរុបចំនួន ១៣.៥ លានអឺរ៉ូ ស្មើនឹង ១៤.៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ នៅក្នុងប្រទេសកម្ពុជា។ ហរិញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្ដល់តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៩។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលទើបត្រូវបានចុះហត្ថលេខានេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផ្តល់ហរិញ្ញប្បទានឥតសំណងសរុបចំនួន ១៣.៥ លានអឺរ៉ូ ស្មើនឹង ១៤.៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ ក្នុងប្រទេសកម្ពុជា រួមមាន ៖ ១.ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការគាំពារសុខភាពសង្គម, ៣.ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង ៤.មូលនិធិសម្រាប់ការសិក្សា និងអ្នកឯកទេស។

គម្រោងទាំងនេះនឹងអនុវត្តដោយទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបចេ្ចកទេសប្រចាំនៅកម្ពុជា (GIZ) និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចចរចាអន្តរជាតិរដ្ឋាភិបាលដែលបានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៩ កន្លងទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាសរុបចំនួន ៤៨.៦ លានអឺរ៉ូ (ប្រមាណ ៥៥ លានដុល្លារ)។

ក្នុងនោះហិរញ្ញប្បទានចំនួន ៣៥.១ (ប្រមាណ ៣៩ លានដុល្លារ) ត្រូវបានចុះហត្ថលេខារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតអាល្លឺម៉ង់កាលពីចុងឆ្នាំ២០១៩។ បន្ថែមពីនេះ គិតចាប់ពីការតាំងពីការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី (ឆ្នាំ១៩៩៤-២០២០) រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាសរុបជាទឹកប្រាក់ប្រមាណជាង ៦៧០ លានដុល្លារ៕
អត្ថបទ៖ លីនី


