ចក្រភពអង់គ្លេសកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញច្បាប់ថ្មីមួយ ដែលនឹងការពារមិនឱ្យចិនអាចកាន់កាប់ក្រុមហ៊ុនរបស់អង់គ្លេស នៅក្នុងសម័យកំពុងមានវិបត្តិជំងឺរាតត្បាត COVID-19 នោះទេ។ នាយករដ្ឋមន្ត្រី Boris Johnson បានប្រថុយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងឡុងនិងប៉េកាំង មានភាពល្អក់កករជាមួយគ្នា ដោយលើកហេតុផលថាការកាន់កាប់របស់បរទេសមកលើក្រុមហ៊ុនរបស់អង់គ្លេស នឹងធ្វើឱ្យមានហានិភ័យដល់សន្តិសុខជាតិរបស់អង់គ្លេស។ ច្បាប់នេះគឺសម្រាប់ឱ្យក្រុមហ៊ុនអង់គ្លេសរាយការណ៍អំពីបំណងកាន់កាប់របស់បរទេសទៅកាន់រដ្ឋាភិបាលអង់គ្លេស ដើម្បីជៀសវាងហានិភ័យដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិរបស់អង់គ្លេស។ ពោលគឺនៅក្នុងអំឡុងប្រឈមនឹងជំងឺរាតត្បាត ក៏ដូចជាវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19 អង់គ្លេសត្រូវការជាចាំបាច់ ក្នុងការការពារខ្លួនពីហានិភ័យគ្រប់រូបភាព។
កាលពីដើមឆ្នាំ២០២០នេះ គណៈកម្មាធិការកិច្ចការបរទេសនៃសភាចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតបន្ទាន់មួយចំពោះការប៉ុនប៉ងរបស់ចិន នៅក្នុងការកាន់កាប់ក្រុមហ៊ុន AI ឈ្មោះថា Imagination Technologies ដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ច្បាប់ថ្មីដែលបានដាក់ស្នើដោយលោក Boris Johnson ហើយអាចត្រូវអនុម័តក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត នឹងតម្រូវឱ្យក្រុមហ៊ុនរបស់អង់គ្លេសទាំងអស់រាយការណ៍ទៅកាន់រដ្ឋាភិបាល នៅពេលដែលក្រុមហ៊ុនរបស់ពួកគេមានការទិញហ៊ុន (share) ច្រើនជាង ២៥% ពីសំណាក់ក្រុមហ៊ុនបរទេសដទៃណាមួយ។ ច្បាប់ថ្មីនេះមានន័យថា ក្រុមហ៊ុនអង់គ្លេសណាមួយដែលបរាជ័យក្នុងការរាយការណ៍ទៅរដ្ឋាភិបាល អំពីការទិញហ៊ុនក្នុងចំនួនច្រើនបែបនេះ អាចមានទោសឧក្រិដ្ឋ ហើយនាយកក្រុមហ៊ុនរបស់ពួកគេនឹងប្រឈមមុខជាមួយការផាកពិន័យរាប់សិបម៉ឺនដុល្លារ ឬជាប់គុក ឬទាំង២៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider


