សេដ្ឋកិច្ចស៊ុយអែតនឹងធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាប្រទេសនេះមិនបានបិទទ្វារប្រទេសចាប់តាំងពីវីរុសផ្ទុះឡើងក៏ដោយ
សេដ្ឋកិច្ច June 8, 2020 Chan Sreyny

ខណៈពេលដែលប្រទេសនានាលើពិភពលោកបានចាក់សោរប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ប្រទេសស៊ុយអែតមិនបានបិទទ្វារដូចប្រទេសទាំងនោះទេ ដោយអាជីវកម្មនៅតែបើកដំណើរការដដែល ប៉ុន្តែសេដ្ឋកិច្ចហាក់ដូចជាកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។ ​នៅក្នុងអំឡុងពេលវីរុសផ្ទុះឡើង ហាងកាហ្វេ ភោជនីយដ្ឋាន អាជីវកម្មភាគច្រើន និងសាលារៀនក្នុងប្រទេសមួយនេះនៅតែបើកដំណើរការ ដោយតម្រូវឲ្យប្រជាជនអនុវត្តគោលការណ៍រក្សាគម្លាតក្នុងសង្គម និងអនាម័យ។

លោក Olle Holmgren សេដ្ឋវិទូនៅធនាគារ SEB បានឲ្យដឹងថា សេដ្ឋកិច្ចស៊ុយអ៊ែតនៅក្នុងត្រីមាសទី២ នេះធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដូចនៅតាមបណ្ដាលប្រទេសភាគច្រើនក្នុងពិភពលោកដែរ។ លោកបានបន្តថា ការស្ទុះងើបឡើងវិញទំនងជានៅចុងឆ្នាំនេះ ប៉ុន្តែអាចនឹងចំណាយពេលយូរមុនពេលត្រលប់ទៅរកសភាពធម្មតាវិញ។

ការធ្លាក់ចុះយ៉ាងខ្លាំងរបស់ស៊ុយអែតត្រូវបានគេឲ្យដឹងថា បណ្ដាលមកពីការពឹងផ្អែករបស់ខ្លួនលើការនាំចេញដែលមានប្រហែល ៥០% នៃផលិតផលក្នុងស្រុកសរុប។ បើតាមរដ្ឋាភិបាលរបស់ប្រទេសនេះបានឲ្យដឹងថា ៧០% នៃការនាំចេញរបស់ស៊ុយអែតទៅកាន់សហភាពអឺរ៉ុប ហើយខណៈពេលដែលប្រទេសអាឡឺម៉ង់ ចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាច្រើនទៀតបិទទ្វារទប់ស្កាត់វីរុស Covid-19 ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសនេះយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះក្នុងខែមីនាក្រុមហ៊ុនធំៗ មួយចំនួនរបស់ប្រទេសដូចជា ក្រុមហ៊ុនផលិតរថយន្ត Volvo Cars និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Scania បានបញ្ឈប់ការផលិតនៅក្នុងប្រទេសផងដែរ។ យ៉ាងណាមិញការធ្លាក់ចុះនេះមិនមែនដោយសារតែការរឹតត្បិតក្នុងស្រុកទេ ប៉ុន្តែដោយសារតែបញ្ហាជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅអឺរ៉ុប និងនៅលើពិភពលោក ដែលបច្ចុប្បន្នកំពុងតែចាប់ផ្ដើមបើកដំណើរការឡើងវិញជាបណ្ដើរៗ។

ក្រៅពីនេះ ការប្រើប្រាស់ក៏បានធ្លាក់ចុះ ២៤.៨% នៅចន្លោះថ្ងៃទី១១ ខែមីនាដល់ថ្ងៃទី ៥ ខែមេសាផងដែរ នេះបើយោងតាមការសិក្សាដែលធ្វើឡើងដោយសេដ្ឋវិទូចបួនរូបនៃសាកលវិទ្យាល័យ Copenhagen។ លោក Niels Johannesen ជាសេដ្ឋវិទូម្នាក់ក្នុងចំនោមសេដ្ឋវិទូ ៤នាក់បាននិយាយថា ប្រទេសស៊ុយអែតកំពុងចំណាយប្រាក់ដូចគ្នាទៅនឹងប្រទេសដាណឺម៉ាកសម្រាប់ជំងឺរាតត្បាតនេះ។

គួរឲ្យដឹងផងដែរថា ស៊ុយអ៊ែតតែងតែយកចិត្តទុកដាក់ទៅលើសុខភាពសាធារណៈ ជាជាងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រាកដថាមន្ទីរពេទ្យអាចរក្សា និងគ្រប់គ្រងល្បឿននៃការផ្ទុះឡើង និងការពារមនុស្សចាស់ រួមទាំងអ្នកដែលងាយឆ្លងវីរុសនេះ។ ជាលទ្ធផលក្នុងដំណាក់កាលដំបូងស៊ុយអែត ទទួលបានជោគជ័យតែមកទល់ពេលនេះបានសារភាពពីការបរាជ័យ ដោយច្រើនជាង ៣ ភាគ ៤ នៃការស្លាប់ ដោយសារវីរុសកើតឡើងក្នុងចំណោមអ្នករស់នៅមណ្ឌលថែទាំ និងអ្នកដែលទទួលការថែទាំនៅឯផ្ទះ។

ដោយឡែកបន្ទាប់ពីសេដ្ឋកិច្ចបានបង្ហាញាសញ្ញាធ្លាក់ចុះ រដ្ឋាភិបាលកាលពីពាក់កណ្តាលខែមីនា បានប្រកាសវិធានការណ៍ដែលមានតំលៃជិត ៣២ ពាន់លានដុល្លារអាមេរិកដើម្បីជួយអាជីវកម្ម។ ហើយចាប់តាំងពីពេលនោះមកថវិកាជាច្រើនត្រូវបានគេបម្រុងទុក ហើយវិធានការថ្មីៗក៏ត្រូវបានដាក់ចេញបន្ថែមរួមទាំងការកាត់បន្ថយថ្លៃទូទាត់របស់ម្ចាស់អាជីវកម្ម ឬ ក្រុមហ៊ុនដល់បុគ្គលិកផងដែរ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី