ថៃ៖ ក្រសួងហិរញ្ញវត្ថុថៃមានផែនការកាត់បន្ថយចំណាយលើការចាយវាយក្នុងចំនួនទឹកប្រាក់ ៣,០០០បាត (ជាង ៩៥ដុល្លារ) ដល់ប្រជាជនដែលត្រូវបានជ្រើសរើសដោយក្រសួងក្នុងវិធានការជំរុញទេសចរណ៍ក្នុងស្រុក។ ទឹកប្រាក់ចំនួន ៣០០០បាតនេះ ក្រសួងមិនបានផ្ដល់ជាទឹកប្រាក់សុទ្ធដល់អ្នកដែលមានសិទ្ធទទួលបានវានោះទេ តែវានឹងត្រូវកាត់ដោយស្វ័យប្រវត្តិនៅក្នុងវិក័យប័ត្ររបស់ពួកគេនៅក្នុង សេវាកម្មស្នាក់នៅ ការចំណាយទៅលើម្ហូបអាហារ ឬសេវាកម្មនៅក្នុងសណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ដែលពាក់ព័ន្ធ។
យោងតាមក្រសួងបានឲ្យដឹងថា គម្រោងនេះនឹងតម្រូវឲ្យសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលបានកំណត់ដោយក្រសួងត្រូវចុះឈ្មោះជាមួយទីភ្នាក់ងាររដ្ឋ ខណៈអ្នកដែលទទួលបានសិទ្ធនេះមិនចាំបាច់តម្រូវឲ្យចុះឈ្មោះឡើយ។ គួរឲ្យដឹងផងដែរថា វិធីសាស្រ្តនេះនឹងការពារបញ្ហាដែលបានកើតឡើងនៅក្នុងវិស័យទេសចររបស់ថៃ ហើយក៏អាចដោះស្រាយបញ្ហាដែលកើតមានឡើងពីការកេងប្រវ័ញ្ជពីអ្នកប្រតិបត្តិវិស័យទេសចរមួយចំនួនផងដែរ ព្រោះប្រតិបត្តិករដែលចូលរួមក្នុងវិធានការនេះនឹងត្រូវទូទាត់ពីរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយនេះ គឺទទួលបានតែការចំណាយនៅសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករដែលទាក់ទងនឹងទេសចរណ៍នៅតាមបណ្ដាខេត្តក្រៅពីតំបន់ដែលអ្នកទទួលបានសិទ្ធនេះរស់នៅតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រសួងហិរញ្ញវត្ថុកំពុងសម្រេចចិត្តលើចំនួនអ្នកដែលអាចទទួលបានសិទ្ធនេះឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ខណៈក្រសួងក៏កំពុងសិក្សាគ្រោងការណ៍ផ្តល់ប្រាក់ត្រឡប់មកវិញសម្រាប់ការចំណាយដែលលើសពីអ្វីដែលរដ្ឋាភិបាលផ្តល់ ដើម្បីលើកទឹកចិត្តដល់ការចំណាយលើវិស័យទេសចរណ៍កាន់តែច្រើន៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


