ក្រុមប្រទេសអ្នកមាន (G20) សន្យាផ្ដល់ប្រាក់ជាង ២១ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ខណៈចំនួនអ្នកឆ្លងកើនជាង ៦លាននាក់នៅលើពិភពលោក
សេដ្ឋកិច្ច June 6, 2020 Chan Sreyny

ក្រុមប្រទេសអ្នកមានទាំង ២០ (G20) បានសន្យាផ្ដល់ប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងវីរុស Covid-19 ដែលកំពុងបន្តរីករាលនៅលើពិភពលោក នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០២០ នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រុមប្រទេស (G20) បាននិយាយថា៖ « ក្រុមប្រទេស G20 ជាមួយបណ្ដាប្រទេសផ្សេងៗ ត្រូវបានអញ្ជើញឲ្យចូលរួមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19។ ជាលទ្ធផលរហូតមកដល់បច្ចុប្បន្នសមាជិក G20 និងបណ្តាប្រទេសដែលបានអញ្ជើញចូលរួមបានសន្យាផ្ដល់ប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិកដើម្បីគាំទ្រដល់មូលនិធិសុខភាពពិភពលោក។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ទឹកប្រាក់ដែលបានសន្យាផ្ដល់ឲ្យដោយក្រុម (G20) នឹងត្រូវប្រើក្នុងការធ្វើរោគវិនិច្ឆ័យ ការបង្កើតវ៉ាក់សាំង ការព្យាបាល រួមទាំងការស្រាវជ្រាវនិងការអភិវឌ្ឍ។ គួររម្លឹកផងដែរថា កាលពីខែមេសាក្រុមនេះបានអំពាវនាវដល់ប្រទេសទាំងអស់ អង្គការក្រៅរដ្ឋាភិបាល មូលនិធិមនុស្សធម៌ និងវិស័យឯកជន ឲ្យជួយកាត់បន្ថយគម្លាតហិរញ្ញប្បទានដែលប៉ាន់ស្មានថាមានចំនួនជាង ៨ ពាន់លានដុល្លារអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19។

ទន្ទឹមនឹងនេះ ប្រទេស Saudi Arabia ដែលជាប្រធាន G20 បច្ចុប្បន្នបានសន្យាផ្តល់ប្រាក់ ៥០០ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រទេសនេះបាននិយាយថាខ្លួននឹងត្រៀមថវិកាចំនួន ១៥០ លានដុល្លារអាមេរិកដល់សម្ព័ន្ធភាពសម្រាប់ការត្រៀមបង្ការ និងការរីករាលដាលនៃជំងឺរាតត្បាត ហើយថវិកាចំនួន ១៥០ លានដុល្លារទៀតសម្រាប់ការចាក់ថ្នាំបង្ការ និងការចាក់ថ្នាំបង្ការរោគជាសកល និង ២០០ លានដុល្លារដល់អង្គការ និងមូលនិធិសុខភាពដទៃទៀត៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី