រដ្ឋាភិបាលជប៉ុនកំពុងបំរុងថវិកាចំនួន ៩១.៥ ពាន់លានដុល្លារអាមេរិក ត្រៀមសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ-១៩ រលកទីពីរ ខណៈសមាជិកសភាជប៉ុននឹងចាប់ផ្តើមជជែកពិភាក្សាអំពីថវិកាបន្ថែមថ្មីមួយនេះនៅសប្តាហ៍ក្រោយ។ យោងតាមអភិបាលក្រុងតូក្យូលោក Koike Yuriko បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ក្រុមមន្រ្តីបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០ ករណីនៅក្នុងរដ្ឋធានី ហើយករណីថ្មីៗជាច្រើនពាក់ព័ន្ធនឹងសកម្មភាពពេលរាត្រី ដូចជានៅក្នុងក្លឹប និង រង្គសាលក្នុងទីប្រជុំជន។
ចំពោះករណីថ្មីនេះក្រុមមន្រ្តីបានព្រួយបារម្ភថា វីរុសអាចឆ្លងតាមរយៈអាជីវកម្មនេះ ហើយបន្តរីករាលដាលបង្កើតឲ្យមានរលកទី២ ខណៈលេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនលោក Suga Yoshihide បានមានប្រសាសន៍ថា “ ដូចនៅពេលដែលយើងប្រកាសអាសន្នក្នុងខែមេសា យើងនឹងពិចារណាលើកត្តាជាច្រើនមុនពេលធ្វើការសំរេចចិត្តរបស់យើង ដែលរាប់បញ្ចូលទាំងចំនួននៃការឆ្លងជំងឺ រយៈពេលប៉ុន្មានដែលករណីត្រូវបានឆ្លងទ្វេដង និងសមាមាត្រនៃករណីដែលឆ្លងរោគមិនត្រូវបានគេស្គាល់។

ជាមួយគ្នានេះដែរ ប្រជាជនដែលរស់នៅក្នុងទីក្រុងទាំងអស់ កំពុងស្ថិតក្រោមការដាស់តឿនរបស់អាជ្ញាធរក្រុងតូក្យូ ដើម្បីជំរុញឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីមានករណីថ្មីៗ។ ខណៈមន្ត្រីសាធារណៈ និងក្រុមហ៊ុនឯកជនកំពុងធ្វើការលើមធ្យោបាយជាច្រើនដើម្បីត្រៀម និងព្យាយាមការពារការឆ្លងរាលដាលនៃវីរុសនេះជាថ្មីម្ដងទៀត ដោយបង្វែរការយកចិត្តទុកដាក់ចំពោះបញ្ហារង្គសាល និងក្លឹបរាត្រី។

បន្ថែមពីនេះសមាជិកសភាជប៉ុននឹងចាប់ផ្តើមជជែកពិភាក្សាអំពីថវិកាបន្ថែមថ្មីមួយនៅសប្តាហ៍ក្រោយ ចំនួនប្រមាណ ៩១,៥ ពាន់លានដុល្លារបញ្ចូលទៅក្នុងមូលនិធិបម្រុង ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរបស់រដ្ឋាភិបាល។ ទោះបីជាយ៉ាងនេះក្ដីសមាជិកសភាគណបក្សប្រឆាំងបានធ្វើការរិះគន់ចំពោះថវិកានេះ។ គួរបញ្ជាក់ផងដែរថា នៅទូទាំងប្រទេសជប៉ុនមានមនុស្សជាង ១៧,០០០ នាក់បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ខណៈមនុស្សជាង ៩០០ នាក់បានស្លាប់៕


ប្រភព៖ nhk
អត្ថបទ៖ លីនី


