ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំនេះ ការនាំចេញម្ទេសស្រស់របស់កម្ពុជាមានការកើនឡើង តែការនាំចេញពោតក្រហមថយចុះយ៉ាងគំហុក
សេដ្ឋកិច្ច June 6, 2020 Chan Sreyny

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទបានបង្ហាញពីលទ្ធផលនៃការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួន និងក្រៅតំបន់អាស៊ី។ ជាក់ស្ដែងលទ្ធផលនៃការនាំចេញម្ទេសស្រស់ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឲ្យឃើញថា មាននិន្នាការកើនឡើងជាលំដាប់។

ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១ ០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។ ហើយ
ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ នៃដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃសម្រេចបានចំនួន ៣០,៨៥២ តោន។

ដោយឡែកលទ្ធផលនៃការនាំពោតក្រហមចេញពីកម្ពុជា ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្រៅតំបន់អាស៊ី ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះបានបង្ហាញឲ្យឃើញថា មាននិន្នាការថយចុះយ៉ាងគំហុក។ ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញពោតក្រហមបាន ២០៤ ១៨៤ តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ១១៩ ៩៩៣ តោន ហើយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ ៣៥,៦៣៦ តោន ថយចុះប្រមាណ ១៥,០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០,៦៧៩ តោន។

ទន្ទឹមនឹងនេះ ការផលិតពោតក្រហមរបស់កសិករកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១ ១១៤ ៩៥៦ តោន នៅឆ្នាំ២០១៩, សម្រេចបាន ១ ០៦៣ ៦៧៧ តោន នៅឆ្នាំ២០១៨, សម្រេចបាន ៥៩៦ ១១២ តោន នៅឆ្នាំ២០១៧ និង ៣៣៣ ០៥៨ តោន នៅឆ្នាំ២០១៦ ។ លទ្ធផលខាងលើនេះ គឺបានបង្ហាញនូវក្តីមោទនៈជាតិ និងជាការពេញចិត្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញតួលេខនាំចេញពោតក្រហមមានការថយចុះក្នុងរយៈពេលជាងមួយឆ្នាំនេះ ព្រោះប្រាកដណាស់ថា បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកនាំចូលទៅកាន់រោងចក្រកែឆ្នៃចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងការដំឡើងពន្ធនាំចូលពោតក្រហមពីខាងក្រៅមកកែឆ្នៃនៅកម្ពុជា៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ