វៀតណាម៖ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា តំបន់ឧស្សាហកម្ម ( IZs) និងតំបន់សេដ្ឋកិច្ច (EZs) នៅក្នុងប្រទេសនេះ បានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៣៩០ គម្រោងដោយដើមទុនចុះបញ្ជីសរុបចំនួន ៤.៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំនេះ។
តាមរបាយការណ៍ដដែល មកទល់ពេលនេះ គម្រោងវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនៅទូទាំងប្រទេសមានចំនួន ៩,៨៥០ គម្រោង មានដើមទុនចុះបញ្ជីសរុបចំនួន ១៥៩ ពាន់លានដុល្លារដែលជាង ៧០% នៃទឹកប្រាក់ត្រូវបានផ្ដល់ឲ្យ។ ក្រៅពីនេះទឹកប្រាក់សរុបប្រមាណ ៤៩.៤៦ ទ្រីលានដុង (១.៩៨ ពាន់លានដុល្លារ) ក្នុងការវិនិយោគក្នុងស្រុកត្រូវបានចុះបញ្ជីសម្រាប់គម្រោងចំនួន ២៩៥ នៅក្នុងតំបន់ IZs និង EZs ចាប់ពីខែមករា-ឧសភា ដែលនាំឱ្យចំនួនគម្រោងវិនិយោគក្នុងស្រុកមានសរុបកើនដល់ ៩,៦៥០ ដែលមានតម្លៃ ២.៣ ក្វាទ្រីលានដុង (ប្រហែល ៩៩ ពាន់លានដុល្លារ) ខណៈអត្រានៃការផ្តល់មូលធនក្នុងស្រុកមានប្រហែល ៤៥%។

ទន្ទឹមនឹងនេះរបាយការណ៍របស់គណគ្រប់គ្រងតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចបានបង្ហាញថា ក្រុមហ៊ុននៅតំបន់ទាំងពីរនេះ បានព្យាយាមរក្សាផលិតកម្ម និងអាជីវកម្មទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឲ្យមានការធ្លាក់ចុះ ៨% នៃប្រាក់ចំណូលសរុប ៨១ ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រាក់ចំណូលនៃការនាំចេញបានកើនឡើង ៤% ដល់ ៥៨ ពាន់លានដុល្លារ និងចំណូលពីការនាំចូល ១.៥% ដល់ ៤៧ ពាន់លានដុល្លារ៕

ប្រភព៖ thestar
អត្ថបទ៖ លីនី


