ជំងឺរាតត្បាតដោយវីរុស Covid-19 បានធ្វើឲ្យឧស្សាហកម្មប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីគ្មានកម្មករគ្រប់គ្រាន់ ដែលធ្វើឲ្យម្ចាស់ឧស្សាហកម្មខាតបង់ ២៥% នៃផលិតកម្មប្រចាំឆ្នាំរបស់ពួកគេ។ ជាមួយគ្នានេះ ការខាតបង់មានតម្លៃប្រហែល ២.៨ ពាន់លានដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេឲ្យដឹងថា ពឹងផ្អែកលើប្រេងដូងដែលជាទំនិញកសិកម្មសំខាន់បំផុត ប៉ុន្តែប្រេងដូងត្រូវការពលករចំណាកស្រុកមកពីប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងឥណ្ឌាដើម្បីធ្វើការងារក្នុងស្រុក។
ទាំងនេះគឺជាមូលហេតុដែលធ្វើឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រូវខាតបង់ដោយសារកង្វះកម្លាំងពលកម្ម បន្ទាប់ពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងតស៊ូនឹងវីរុស Covid-19 ដោយរឹតបន្តឹងលើការធ្វើដំណើរសម្រាប់កម្មករនិយោជិត។ លោក Nageeb Wahab នាយកប្រតិបត្តិនៃសមាគមប្រេងដូងម៉ាឡេស៊ីដែលតំណាងឱ្យ ៤០% នៃចំការដូងប្រេងតាមតំបន់បានមានប្រសាសន៍ថា កាលពីមុននៅពេលដែលកម្មករត្រលប់ទៅប្រទេសកំណើត ពួកគេនឹងត្រលប់មកវិញ ប៉ុន្តែឥឡូវនេះគ្មានការមកវិញទេ ហើយការចាកចេញទៅប្រទេសកំណើតវិញអាចមានច្រើន បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យចលនារបស់ប្រទេសម៉ាឡេស៊ី។

គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ីអាចផលិតប្រេងប្រហែល ២៦% នៃប្រេងសម្រាប់ធ្វើម្ហូបទូទៅនៅលើពិភពលោក ខណៈផលិតម្មនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១០% ដោយសារតែអាកាសធាតុក្ដៅកាលពីឆ្នាំមុន និងការដាំដុះមិនសូវបានល្អ។ លោក Nageeb បានលើកឡើងថា ឥឡូវកង្វះកម្លាំងពលកម្មបង្ហាញថា កង្វះខាតអាចកើនឡើងទ្វេដងហើយអ្នកដាំកំពុងចាប់ផ្តើមស្រពេចស្រពិល។

ទន្ទឹមនឹងនេះដែរ កាលពីខែមេសាអ្នកផលិតកំពូលរបស់ក្រុមហ៊ុន United Plantations បានព្រមានវិនិយោគិនអំពីការគំរាមកំហែងដ៏មានធំមួយដល់ផលិតកម្មនៅឆមាសទី២ នៃឆ្នាំ ២០២០ ដោយសារតែគោលនយោបាយបិទប្រទេស និងការរឹតត្បិតលើការធ្វើដំណើរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើននឹងរារាំងកម្មករ រួមទាំងភ្ញៀវ មកពីឥណ្ឌូនេស៊ី បង់ក្លាដែស និងឥណ្ឌាពីការស្វែងរកឱកាសការងារនៅក្នុងឧស្សាហកម្មចម្ការរបស់ម៉ាឡេស៊ី៕
ប្រភព៖ straitstimes
អត្ថបទ៖ លីនី


