ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូតចំនួន ២០,០០០ តោន បានធ្លាយចូលទៅក្នុងទន្លេមួយនៅតំបន់អាក់ទិក។ ការធ្លាយប្រេងបានកើតឡើងនៅពេលដែលធុងប្រេងនៅរោងចក្រថាមពល នៅជិតទីក្រុង Norilsk ក្នុងតំបន់ស៊ីបេរី បានដួលរលំកាលពីថ្ងៃសុក្រកន្លងទៅ។ ប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពីបានរកឃើញថា មន្រ្តីទើបតែដឹងអំពីឧប្បត្តិហេតុនេះពីរថ្ងៃក្រោយមកហើយនោះ។
រោងចក្រដែលបានដួលរលំនោះគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Norilsk Nickel ដែលជាក្រុមហ៊ុនផលិតនីកែល (nickel) និងប៉ាឡាស្យូម (palladium) នាំមុខគេនៅលើពិភពលោក។ នៅក្នុងសន្និសីទវីដេអូតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ លោក វ្លាឌីមៀ ពូទីន បានរិះគន់ប្រមុខក្រុមហ៊ុនជុំវិញការឆ្លើយតបយឺតយ៉ាវរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពេលនេះប្រេងម៉ាស៊ូតបានរាលដាលក្នុងទំហំ ៣៥០ គីឡូម៉ែត្រក្រឡា ហើយលោក ពូទីន ក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈអ្នកគ្រប់គ្រងម្នាក់នៅរោងចក្រថាមពលត្រូវបានឃុំខ្លួន៕



អត្ថបទ៖ លីដា
ប្រភព៖ BBC


