មន្ត្រីជាន់ខ្ពស់ថៃមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថៃនឹងរៀបចំផែនការជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមនៅខែកក្កដានេះ នៅពេលដែលថៃកំពុងព្យាយាមស្តារវិស័យទេសចរណ៍ដែលបានធ្លាក់ចុះឡើងវិញ។ លោក Yuthasak Supasorn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងដាក់ផែនការទៅក្រសួងហិរញ្ញវត្ថុសម្រាប់កញ្ចប់ទឹកប្រាក់មួយ ដែលនឹងជំរុញវិស័យទេសចរណ៍ក្នុងស្រុកនៅសប្តាហ៍ក្រោយ។
លោកបានមានប្រសាសន៍ថា ផែនការនេះនឹងផ្តល់នូវការលើកទឹកចិត្តសម្រាប់ការធ្វើដំណើរសម្រាប់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខភាពប្រមាណ ១.២លាននាក់។ គួរឱ្យដឹងដែរថា ប្រទេសថៃមានការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដោយពួកគេចំណេញពីការចំណាយរបស់ភ្ញៀវទេសចរបរទេសចំនួន ១១.៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកាលពីឆ្នាំមុន ខណៈដែលទេសចរណ៍ក្នុងស្រុកមានបង្កើនចំណូលបាន ៦% ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ


