នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។
បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារសម្រេចការសាងសង់បាន ៣០%ហើយ។

យ៉ាងណាមិញនៅក្នុងការអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់ឯកឧត្តម ជា សុផារ៉ា បានបង្ហាញនូវប្លង់រចនាបថស្ថាបត្យកម្មនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដែលត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស គឺក្រុមហ៊ុន Foster & Partners ដែលមានបទពិសោធន៍រចនាអគារល្បីៗជាច្រើនដូចជា មហាវិចិត្រសាលម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី២ (Queen Elizabeth II Great Court ) និង Bloomberg London ជាដើម៕







