ប្រទេសថៃកំពុងវិលត្រលប់ទៅរកប្រភពសេដ្ឋកិច្ចរបស់ខ្លួនជាអ្នកផលិតស្បៀងអាហារឡើងវិញ ដោយសារតម្រូវការនៅក្រៅប្រទេសកំពុងកើនឡើងនូវអង្ករ គ្រឿងសមុទ្រ ផ្លែឈឺ និងអាហារផ្សេងៗទៀត ដែលជំរុញដល់ការនាំចេញសូម្បីតែការរីករាលដាលនៃជំងឺ Covid-19។ លោកស្រី Pimchanok Vonkorpon មន្ត្រីរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំនៃការនាំចេញទាក់ទងនឹងស្បៀង និងកសិកម្មទៅនឹងការនាំចេញសរុបបានកើនឡើងដល់ ១៩.៧% នៅខែមេសាដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ឆ្នាំ។
លោកស្រីបានបន្តថា អាហារស្រស់ អាហារកក និងកែច្នៃបូករួមនឹងដំណាំ និងផលិតផលកសិកម្មដទៃទៀតជាទូទៅមានចំនួន ១៥% -១៦% នៃការលក់នៅក្រៅប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រីបន្ថែមថា ការនាំចេញស្បៀងអាហារ និងកសិកម្មអាចកើនលើស ២០% នៃចំនួនសរុបនៅឆ្នាំនេះ ដោយកម្រិតនៃការកើនឡើងបែបនេះទំនងជានឹងបន្តនៅពេលខាងមុខទៀត។

តាមរយៈការអះអាងរបស់លោកស្រី Pimchanok ទោះបីជាទំហំនៃការកើនឡើងនេះមិនអាចទូទាត់ការធ្លាក់ចុះឧស្សាហកម្មនាំចេញក៏ដោយ ក៏វាជួយមនុស្សរាប់លាននាក់ដែរ ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់យូរនៅក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។ គួរឲ្យដឹងផងដែរថា តាំងពីយូរយារមកហើយប្រទេសថៃ គឺជាអ្នកនាំចេញទំនិញសំខាន់ៗជាច្រើនដូចជា អង្ករ ដំឡូងមី ស្ករស និងម្នាស់។ ខណៈក្រុមហ៊ុនខ្លះក៏បានក្លាយជាអ្នកដឹកនាំពិភពលោកក្នុងការរៀបចំអាហារ ការកែច្នៃអាហារ និងត្រួតពិនិត្យគុណភាព។

យ៉ាងណាមិញបច្ចេកវិទ្យាដែលបានបន្ថែមទាំងនោះបានផ្តល់ក្តីសង្ឃឹមដល់កសិករនិងអ្នកផលិតស្បៀងអាហាររាប់លាននាក់នៅឆ្នាំនេះនៅពេលសេដ្ឋកិច្ចប្រឈមនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្ស។ ដោយសារប្រទេសថៃមិនបានទទួលភ្ញៀវទេសចរបរទេស នៅក្នុងខែមេសាទេ ដែលបណ្ដាលមកពីការចាក់សោរប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស Covid-19៕
ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


