អគ្គស្នងការរងនគរបាលជាតិ ឯឝឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ១ខែពេញនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ ៣៩ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល (ជាង ៧០ម៉ឺនដុល្លារអាមេរិក)។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ តាមការញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន ១២,០៣៩ករណី ស្មើនឹង២៧%៕


ប្រភព៖ ក្រសួងព័ត៌មាន


