ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកកំពុងស្ទុះងើបឡើងវិញយឺតៗនៅក្នុងខែឧសភា កន្លងទៅថ្មីនេះ ពីការដួលរលំជាប្រវត្តិសាស្រ្តរបស់ពួកគេកាលពីខែមេសា ដោយសារជំងឺរាតត្បាត Covid-19។ ទោះបីជាយ៉ាងនេះក្ដីគេរំពឹងថា ការលក់នឹងធា្លក់ចុះគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។
ជាក់ស្ដែង ក្រុមហ៊ុនស្រាវជ្រាវ Auto research បានព្យាកណ៍ថា ការលក់រថយន្តថ្មីនឹងមានតិចជាង ១.១ លានគ្រឿងនៅក្នុងខែឧសភាគឺធ្លាក់ចុះប្រហែល ៣២% ទៅ ៣៣% បើប្រៀបធៀបនឹងខែឧសភាឆ្នាំ២០១៩។ ប៉ុន្តែប្រហែលជាមានការកើនឡើងប្រហែល ៥០% បើប្រៀបធៀបនឹងខែមុន។

លោក Jessica Caldwell នាយកប្រតិបតិ្តនៃក្រុមហ៊ុន Edmunds មានប្រសាសន៍ថា «យើងអាចនិយាយដោយសុវត្ថិភាពថាខែមេសា គឺជាខែដែលការលក់រថយន្តធ្លាក់ចុះទាបបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីវានៅមានផ្លូវវែងឆ្ងាយក្នុងការងើបឡើងវិញ ហើយការលក់រថយន្តអាចជាសញ្ញាលើកទឹកចិត្តសម្រាប់ឧស្សាហកម្មនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Edmunds, Cox Automotive និងក្រុមហ៊ុន ALG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TrueCar រំពឹងថាការលក់នឹងមានចំនួនប្រមាណពី ១.០៥ លានទៅ ១.០៨ លាននៅក្នុងខែនេះ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី


