រយៈពេល ៣០ថ្ងៃ មកនេះ យានយន្តជាង ៤០,០០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យថ្មី
សេដ្ឋកិច្ច June 1, 2020 Chan Sreyny

រយៈពេល ៣០ថ្ងៃ នៃការរឹតបន្តឹងចរាចរណ៍ផ្លូវគោកដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភានេះ ឆ្នាំ២០២០ នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៤៣៥៣០គ្រឿង។ យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងនោះមានម៉ូតូចំនួន ៣១២៥៥ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន ១៧៧៥គ្រឿង។

ជាមួយគ្នានេះដែរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះ មានយានយន្ត ១១៥៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះ ម៉ូតូមាន ៨៣៥ គ្រឿង ខណៈរថយន្តមាន ៣១៩គ្រឿង។ បន្ថែមពីនេះចំពោះបទល្មើសសម្រាប់ម៉ូតូគឺគ្មានមួកសុវត្ថិភាព លើ្មសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកចំពោះបទល្មើសសម្រាប់រថយន្តវិញភាគច្រើនគឺ លើសល្បឿន អត់ខ្សែក្រវ៉ាត់ ល្មើសសញ្ញាចរាចរណ៍ លើសទម្ងន់ អត់ស្លាកលេខ ប្រើប្រាស់ទូរស័ព្ទ និងបើកបរក្នុងស្ថានភាពស្រវឹង៕

ប្រភព៖ ក្រសួងព័ត៌មាន