ជាងពាក់កណ្តាលនៃកម្លាំងពលកម្មរបស់ពិភពលោក (ជិត២ពាន់លាននាក់) ប្រឈមនឹងហានិភ័យបាត់បង់ការងារ ឬផ្លាស់ប្តូរទៅធ្វើការក្រៅម៉ោងនៅឆ្នាំ២០២០ ដែលជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកល COVID-19 នេះបើយោងតាមការសិក្សារបស់ក្រុមប្រឹក្សាបូស្តុន (BCG)។ របាយការណ៍នេះក៏បានលើកយកពីការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ ដែលថាការខាតបង់ប្រាក់ចំណូលការងារពិភពលោកនឹងកើនឡើងដល់ ៣.៤ ទ្រីលាន នៅឆ្នាំនេះ។
តាមការសិក្សារបស់ BCG បាននិយាយថា មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស ៦នាក់ នៅជុំវិញពិភពលោកនឹងបាត់បង់ការងារធ្វើនៅប៉ុន្មានខែខាងមុខទៀត ដោយបូករួមទាំងអត្រាអ្នករកការងារមិនបានរហូតដល់ទៅ ១៧%។ ផលប៉ះពាល់នៃវិបត្តិនៅលើទីផ្សារការងារនឹងមានភាពខុសគ្នាទៅតាមឧស្សាហកម្ម ដោយ ៨០% នៃអ្នកដែលបាត់បង់ការងារធ្វើ ជាអ្នកផលិត, សណ្ឋាគារនិងភោជនីយដ្ឋាន, ទេសចរណ៍និងសំណង់ ក៏ដូចជាអ្នកមានការងារខុសពីវិស័យម្ហូបអាហារ។
BCG ប៉ាន់ស្មានថា នៅឆ្នាំ២០៣០ ស្វ័យប្រវត្តិកម្មនឹងធ្វើឱ្យការងាររបស់មនុស្សមានហានិភ័យ ហើយ ៣០% នៃការងារនឹងត្រូវការជំនាញថ្មីៗ។ ការសិក្សារបស់ BCG ក៏បាននិយាយដែរថា ១០% នៃពលកម្មពិភពលោក នឹងត្រូវធ្វើការពីផ្ទះនៅពេលអនាគត ហើយការងារនៅការិយាល័យអាចមាន ៣០% ។ BCG បាននិយាយថា ដើម្បីទប់ស្កាត់ការដួលរលំទីផ្សារការងារ វិធានការគាំទ្រគួរតែត្រូវបានផ្តល់ដោយរដ្ឋាភិបាល ចាប់ពីការឧបត្ថម្ភប្រាក់ខែ និងពង្រីកការរក្សាគម្លាត ដល់ការលើកលែងហិរញ្ញវត្ថុនិងពន្ធ និងការបែងចែកការងារជាបណ្តោះអាសន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ RT


